(កំពង់ស្ពឺ)៖ លោក កង វណ្ណារ៉ូ អភិបាលរងខេត្តកំពង់ស្ពឺ បានលើកឡើងថា ដោយសារតែសន្តិភាព និងនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានប្រែក្លាយខេត្តកំពង់ស្ពឺ ទាំងមូលពីតំបន់សមរភូមិក្តៅ ឱ្យប្រែក្លាយទៅជាតំបន់អភិវឌ្ឍន៍ដ៏មានសក្កានុពល និងមានអ្នកវិនិយោគគិនមកបណ្តាក់ទុនជាច្រើនហូរហែរ។

ការលើកឡើងពីសក្តានុពលសេដ្ឋកិច្ចបែបនេះ របស់លោក កង វណ្ណារ៉ូ បានធ្វើឡើងក្នុងកម្មវិធីសិក្ខាសាលាបណ្តុះបណ្តាលជំនាញផ្នែកលក់ និងទីផ្សារ នាព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១នេះ នៅបណ្តាល័យ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

សិក្ខាសាលានេះ ធ្វើឡើងក្នុងគោលបំណង ពង្រឹងទិសដៅយុវជន លើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុនដៃគូរសហការពានិជ្ជកម្មផ្សេងៗ លើអភិក្រម ៤វិស័យ រដ្ឋ ឯកជន ដៃគូរអភិវឌ្ឍន៍ និងសហគមន៍, ទិសដៅជាយុទ្ធសាស្ត្រ ពង្រឹងសម្ថភាពចំណេះដឹងជំនាញបទពិសោធន៍ដល់យុវជនក្លាយជាសហគ្រិនភាពជោគជ័យលើការងារដឹកនាំគ្រប់គ្រងអាជីវកម្ម និងបង្កើតក្រុមបណ្តាញលក់អចលទ្រព្យ ផលិតផលផ្សេងៗទៀត, ចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ជាមួយរាជរដ្ឋាភិបាល រដ្ឋបាលខេត្តកំពង់ស្ពឺ អភិវឌ្ឍន៍ធនធានមនុស្សសម្រាប់សង្គមជាតិ ជាពិសេសជួយដល់យុវជនឱ្យជៀសឆ្ងាយពីគ្រឿងញៀន។

ពាក់ព័ន្ធនឹងសក្តានុពលផ្នែកសេដ្ឋកិច្ចនេះដែរ លោក កង វណ្ណារ៉ូ បានបន្តថា បើនិយាយពីសក្កានុពលសេដ្ឋកិច្ចរបស់ខេត្តកំពង់ស្ពឺ មានសិប្បកម្មខ្នាតតូចប្រមាណជាង ៧០០០កន្លែង, រោងចក្រសហគ្រាសប្រមាណជាង១៥០ ក្នុងនោះមានក្រុមហ៊ុនផ្នែកកសិកម្មប្រមាណ ២០ក្រុមហ៊ុន រួមទាំងចំណូលពីវិស័យរ៉ែ មានប្រមាណ ១០០ក្រុមហ៊ុន ទាំងនេះបានធ្វើប្រជាពលរដ្ឋទូទាំងខេត្តទទួលបានប្រាក់ពលកម្មចំណូលខ្ពស់ផងដែរ។

សូមបញ្ជាក់ថា សិក្ខាសាលានេះបានរៀបចំឡើងដោយក្រុមហ៊ុន តេជៈមានជ័យ ឌីវេឡុបម៉ិន រៀល អ៊ីស្ទែត ឯក ជាក្រុមហ៊ុនចលនទ្រព្យដ៏ល្បី ដែលក្រុមហ៊ុនអាជីវករចូលជិត ៦០០ក្រុមហ៊ុនអាជីវកម្មតាមគម្រោងនៃវគ្គសិក្សានេះ៕