(សៀមរាប)៖ កិច្ចប្រជុំបូកសរុបលទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរាយឆ្នាំ២០២០ និងលើកទិសដៅការងារ២០២១ របស់ខេត្តសៀមរាប ត្រូវបានធ្វើឡើងក្រោមអធិបតីនាយឧត្ដមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។ កិច្ចប្រជុំនេះធ្វើឡើងនៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ នៅសាលាខេត្តសៀមរាប។

តាមរបាយការណ៍របស់ខេត្ត បានឲ្យដឹងថា ក្នុងឆ្នាំ២០២០កន្លងទៅ ទូទាំងខេត្តក៏បានទទួលរងគ្រោះមហន្តរាយជាច្រើនផងដែរ ដោយរងគ្រោះដោយគ្រោះធម្មជាតិ និងរងគ្រោះដោយគ្រោះឧបទ្ទវហេតុផ្សេងៗ ដូចជា

*ជំនន់ទឹកភ្លៀង ប៉ះពាល់១២ ក្រុង-ស្រុក ៧៨ ឃុំ-សង្កាត់ ប៉ះពាល់ប្រជាជន ១៥,៧៨០គ្រួសារ ប៉ះពាល់ផ្ទះ ១០,២៩៧ខ្នង ប៉ះពាល់ស្រូវ ១០,៣៨៣ហិកតា ខូចខាត ៣៥៩ហិកតា ប៉ះពាល់ផ្លូវសរុប ១២៦,៥៥៧ម៉ែត្រ និងច្រោះដាច់ផ្លូវ ១៤,៤៨១ម៉ែត្រ
*ខ្យល់កន្ត្រាក់របើកដំបូលផ្ទះ ៤៨៩ខ្នង រលំផ្ទះ ៨៨ខ្នង និងអគ្គីភ័យឆេះផ្ទះ ៣៧ខ្នង។ ដោយឡែក ចំពោះការងារអតីតយុទ្ធជនឆ្នាំ២០២០ សមាជិកទទួលមរណៈភាពធៀបទៅឆ្នាំកន្លងមក កើនឡើងពី ១១៤ ទៅ ១២៦សព
*សាងសង់ផ្ទះអតីតយុទ្ធជន សាងសង់ផ្ទះរួចរាល់ ៥៤ខ្នង ជាអំណោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត
*បានប្រគល់ផ្ទះជូនអតីតយុទ្ធជនក្រីក្រ ៣៩គ្រួសារ
*បានបើកថវិកាមរណៈសង្គ្រោះជូន ១២៦លើក ស្មើ ៥០៤,០០០,០០០រៀល
*បានចុះទៅជំរឿនអតីតយុទ្ធជនក្របំផុត នៅខ្ទម និងគ្មានផ្ទះ ៥៤គ្រួសារ
*ដោយបានការជួយអន្តរាគមន៍ទាំងស្មារតី សម្ភារថវិកាពីសម្តេចតេជោ តាមរយៈគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អំណោយពីកាកបាទក្រហមកម្ពុជា អង្គការជាដៃគូ និងក្រុមការងារ ក៏ដូចជាសប្បុរសជន ធ្វើឲ្យខេត្តមានលទ្ធភាពឆ្លើយតប សង្គ្រោះគ្រោះមហន្តរាយបានទាន់ពេលវេលា ព្រមទាំងបានជួយដោះស្រាយសម្រួលជីវភាពបងប្អូនអតីតយុទ្ធជនដែលជួបការលំបាកបានល្អផងដែរ។

នាយឧត្ដមសេនីយ៍ គន់ គីម បានកោតសសើរនិងវាយតម្លៃខ្ពស់ចំពោះការខិតខំរបស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត និងសមាគមអតីតយុទ្ធជនខេត្ត ចំពោះអ្នកពាក់ព័ន្ធទាំងអស់ ដែលខិតខំជួយសង្គ្រោះ លើកិច្ចការងារនេះ ដោយបានបំពេញមុខនាទីរបស់ខ្លួនបានល្អប្រសើរ ពេលមាន ហេតុការណ៍កើតឡើងខេត្តម្ចាស់ការចុះទៅដោះស្រាយភ្លាមបានទាន់ពេលវេលា។ បន្ទាប់ពីបញ្ចាប់កិច្ចប្រជុំ លោកទេសរដ្ឋមន្ត្រី បានចុះពិនត្យមើលវឌ្ឍភាពនៃការស្តារឡើងវិញដំណាំស្រូវរបស់បងប្អូនប្រជាពលរដ្ឋ ក្នុងស្រុកពួក និងស្រុកសូត្រនិគម និងប្រគល់ផ្ទះ១ខ្មងដល់គ្រួសារអតីតយុទ្ធជនក្នុងស្រុកបាគង ផងដែរ។

លោកទេសរដ្ឋមន្ត្រី គន់ គីម បានណែនាំដល់គ្រប់មន្ត្រី និងអ្នកពាក់ព័ន្ធត្រូវរួមសហការគ្នាត្រៀមឆ្លើយតបក្នុងការងារជួយសង្រ្គោះប្រជាពលរដ្ឋ ដែលងាយរងគ្រោះ និងរងគ្រោះដោយគ្រោះមហន្តរាយធម្មជាតិផ្សេងៗឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់៕