(ភ្នំពេញ)៖ នៅក្នុងឆ្នាំ២០២១នេះ គឺឆ្នាំដែលប្រទេសកម្ពុជា ត្រូវផុតកំណត់ហើយ នូវប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) របស់សហរដ្ឋអាមេរិក ដែលមានរយៈពេល៣ឆ្នាំ ចាប់ពីឆ្នាំ២០១៨-២០២០។ GSP របស់អាមេរិក ក៏បានរួមចំណែក ក្នុងការបង្កើនទំហំពាណិជ្ជកម្ម រវាងប្រទេសកម្ពុជា-អាមេរិក ក្នុងឆ្នាំ២០២០ផងដែរ។

ជាក់ស្ដែងយោងតាមទិន្ន័យ របស់ក្រសួងពាណិជ្ជកម្មកម្ពុជា បានគូសបញ្ជាក់ថា ទំហំពាណិជ្ជកម្ម កម្ពុជា-អាមេរិក ក្នុងឆ្នាំ២០២០ សម្រេចបានសរុបចំនួន ជាង៥ ៥០៩លានដុល្លារអាមេរិក កើនឡើង១៦.៨៩ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០១៩ មានចំនួនជាង៤ ៧១៣លានដុល្លារអាមេរិក។

ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១នេះ លោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា លោកមានសុទិដ្ឋិនិយមថា កម្ពុជា នឹងទទួលបាន ការបន្តភាពអនុគ្រោះ GSP របស់អាមេរិក ដោយយោងលើទំនាក់ទំនងល្អទាំងការទូត និងសេដ្ឋកិច្ច។

លោក ប៉ែន សុវិជាតិ បានបញ្ជាក់យ៉ាងដូច្នេះថា «ជាការពិតយើងមានសុទិដ្ឋិនិយមថា នឹងទទួលបានការបន្តភាពអនុគ្រោះ GSP នេះ បន្តទៅទៀតអាស្រ័យ ដោយ ប្រទេសយើង នៅជាប្រទេស LDC (ប្រទេសអភិវឌ្ឍន៍តិចតួច) នៅឡើយ ហើយកម្ពុជា ក៏នៅមានទំនាក់ទំនងល្អទាំងការទូត និងសេដ្ឋកិច្ច ជាមួយសហរដ្ឋអាមេរិក»

ចំពោះពេលវេលាជាក់លាក់ នៃការបន្ដអនុគ្រោះ GSP របស់អាមេរិក នៅពេលណាមួយនោះ ត្រូវបានមន្ដ្រីជាន់ខ្ពស់ នៃក្រសួងពាណិជ្ជកម្ម មិនទាន់អាចបញ្ជាក់ បាននៅឡើយនោះទេ ដោយសារតែបច្ចុប្បន្ន សហរដ្ឋអាមេរិក កំពុងតែមមាញឹក ក្នុងការទទួលប្រធានាធិបតីថ្មី លោក ចូ បៃដិន (Joe Biden) ដែលទើបឡើងតំណែង។

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម ក៏បានឲ្យដឹងផងដែរថា ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងសហរដ្ឋអាមេរិក មានការកើនឡើង ក្នុងឆ្នាំ២០២០។ ការកើនឡើងនេះ អាស្រ័យ ដោយការនាំចេញ របស់កម្ពុជា ដែលកើន១៩% បើធៀបនឹងឆ្នាំ២០១៩។

លោក ប៉ែន សុវិជាតិ បានបញ្ជាក់ថា មូលហេតុសំខាន់ គឺការបន្តមានតំរូវការទីផ្សារ ចំពោះទំនិញប្រើប្រាស់ ដែលនាំចេញពីកម្ពុជា ដូចជា សម្លៀកបំពាក់ កង់ សម្ភារៈ អគ្គីសនី កាបូប កាបូបធ្វើដំណើរ -ល-។ ចំណែកការបញ្ជាទិញ ក៏នៅមានជាបន្ត ទោះជាក្នុងបរិបទកូវីដ-១៩ក្តី។

លោកបន្ដថា ជារួមការនាំចេញរបស់កម្ពុជា ទៅសហរដ្ឋអាមេរិក ចំពោះទំនិញភាគច្រើន កម្ពុជា បង់ពន្ធនាំចូលសហរដ្ឋអាមេរិក តាមអត្រា MFN ដោយសារ កម្ពុជា-អាមេរិក ជាសមាជិកអង្គការពាណិជ្ជកម្ម ពិភពលោក (WTO) ហើយប្រព័ន្ធអនុគ្រោះ GSP ក៏មានការរួមចំណែក ក្នុងការនាំចេញរបស់កម្ពុជាផងដែរ។

សូមរំលឹកថា នៅដើមឆ្នាំ២០១៨ រដ្ឋាភិបាលអាមេរិក របស់លោកប្រធាធិបតី ដូណាល់ ត្រាំ ចុះហត្ថលេខាលើច្បាប់ ដើម្បីបន្ដប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) សម្រាប់រយៈពេល៣ឆ្នាំបន្ដទៀត ដល់កម្ពុជា ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០។

សហរដ្ឋអាមេរិក ជាទីផ្សារធំមួយ សម្រាប់ទំនិញរបស់កម្ពុជា។ សហរដ្ឋអាមេរិកផ្តល់ឲ្យកម្ពុជា នូវការអនុគ្រោះផ្នែកពាណិជ្ជកម្ម នៅក្រោមកម្មវិធី នៃប្រព័ន្ធអនុគ្រោះទូទៅ (GSP) ដែលជាការធ្វើឲ្យកម្ពុជា អាចនាំចេញទៅកាន់សហរដ្ឋអាមេរិក ដោយមិនបង់ពន្ធគយនូវទំនិញ ចំនួនជាង៥,០០០មុខ។

នៅក្រោមប្រព័ន្ធអនុគ្រោះ GSP ប្រទេសកម្ពុជា បាននាំទំនិញសម្រាប់ការធ្វើដំណើរ ដែលមានតម្លៃជិត ១ពាន់លានដុល្លារ ទៅកាន់សហរដ្ឋអាមេរិក នៅឆ្នាំ២០១៩។ កាលពីឆ្នាំ២០១៩ កម្ពុជានាំទំនិញ ទៅកាន់សហរដ្ឋអាមេរិក ដែលមានតម្លៃសរុបចំនួន ៥.៣៦ពាន់លានដុល្លារ៕