(ភ្នំពេញ)៖ ក្រសួងទេសចរណ៍សហការជាមួយអង្គការអន្តរជាតិខាងការងារ (ILO) នាថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ បានរៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្គោលជំនាញសហគ្រិនភាពក្នុងវិស័យទេសចរណ៍ ដោយមានសិក្ខាកាមចូលរួមមកពីសាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ និងមន្ទីរទេសចរណ៍មកពីគ្រប់រាជធានី-ខេត្តសរុប ៤៥ នាក់។

វគ្គបណ្តុះបណ្តាលគ្រូបង្គោលនេះ រៀបចំឡើងរយៈពេលបីថ្ងៃ គឺពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ ដោយផ្តោតសំខាន់ទៅលើការប្រើប្រាស់វិធីសាស្រ្តបណ្តុះបណ្តាលថ្មី ក្នុងការបណ្តុះបណ្តាលដល់សិក្ខាកាមដែលបានចូលរួម ដើម្បីឱ្យក្លាយជាគ្រូបង្គោលជំនាញគ្រប់គ្រងអាជីវកម្មឱ្យឆ្លើយតបទៅនឹងតម្រូវការទាំងបរិមាណ និងគុណភាព នៅគោលដៅទេសចរណ៍តាមរាជធានី-ខេត្ត។

ដើម្បីចូលរួមបណ្តុះបណ្តាលបន្ត និងពង្រឹងសមត្ថភាពដល់សហគ្រាសនៅតាមគោលដៅទេសចរណ៍ ជាពិសេសនៅតាមសហគមន៍ ព្រមទាំងដល់អ្នកដែលចង់ចាប់យកអាជីវកម្ម និងក្លាយជាសហគ្រិនក្នុងវិស័យទេសចរណ៍នូវ ចំណេះដឹងថ្មីៗ ដែលទាក់ទងទៅនឹងការអភិវឌ្ឍសហគ្រាសក្នុងវិស័យទេសចរណ៍ មានសមត្ថភាពថ្លឹងថ្លែងអំពីសភាពការណ៍ និងលក្ខខណ្ឌការងារ និងធុរកិច្ចថ្មីៗ ជាពិសេសយល់ដឹងពីដំណើរការនៅក្នុងចាប់ផ្តើមប្រកបអាជីវកម្ម (Business Start-up) និងសហគ្រាសក្នុងវិស័យទេសចរណ៍ ដែលជាកត្តាចូលរួមជំរុញឱ្យអ្នកដែលចង់ក្លាយជាសហគ្រិនក្នុងវិស័យទេសចរណ៍ទាំងអស់ឲ្យទទួលបានជោគជ័យ តាមរយៈការពង្រឹងសមត្ថភាពគ្រប់គ្រង និងអភិវឌ្ឍសហគ្រាស សេវាកម្ម និងផលិតផលទេសចរណ៍ ដែលជាផ្នែកមួយនៃការចូលរួមដល់ការលើកកម្ពស់ការបណ្តុះបណ្តាល និងអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ ស្របតាមសភាពការណ៍វិវត្តន៍នៃវិស័យទេសចរណ៍តំបន់ និងសាកលលោក។

ជាពិសេស វគ្គបណ្តុះបណ្តាលនេះនឹងចូលរួមគាំទ្រឱ្យសម្រេចនូវចក្ខុវិស័យ «បុគ្គលិកម្នាក់ ជំនាញមួយ» និង «ផែនការស្តារវិស័យទេសចរណ៍ ២០២១-២០២៥» លើការជំរុញលើកកម្ពស់វិស័យសហគ្រាសខ្នាតតូច និងមធ្យមក្នុងវិស័យទេសចរណ៍៕