(កំពង់ឆ្នាំង)៖ តំណាងលោក ឌី វិជ្ជា និងលោកស្រី ហ៊ុន ម៉ាណា នៅល្ងាចថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ បាននាំយកអំណោយទៅប្រគល់ជូនលោកស្រី វង្ស សុវណ្ណារី អាយុ៦០ឆ្នាំ ជាភរិយាលោកវរសេនីយ៍ទោ ពេជ្រ សុខ ជាមន្ត្រីពន្ធនាគារខេត្តកំពង់ឆ្នាំង ដែលបានទទួលមរណភាពជាង៣ខែមកហើយ ដោយរោគារពាធ ដែលមានទីលំនៅ ក្នុងភូមិដំណាក់ពពូល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។ ក្នុងនោះថវិកាសមាគមដែលមន្ត្រីសាលាខេត្ត

មិនព្រមបើកអោយអស់រយៈពេល៣ខែមកហើយ ក៏គេហៅទៅបើកផងដែរ ក្រោយភរិយាសពទម្លាយរឿងនេះជាសាធារណៈរួចមក។

បើតាមលោកស្រី វង្ស សុវណ្ណារី បានឱ្យដឹងថា អំណោយរបស់លោក ឌី វិជ្ជា និងលោកស្រី ហ៊ុន ម៉ាណា ដែរគាត់ទទួលបានរួមមាន៖ ថវិកា ៥លានរៀល រួមនិងភេសជ្ជៈ មួយចំនួនទៀតផងដែរ។

ជាមួយគ្នានោះលោកស្រី វង្ស សុវណ្ណារី បានបញ្ជាក់ឱ្យដឹងទៀតថា ក្រោយមានការជួយសម្របសម្រួលពីនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេតសាវឿន អគ្គស្នងការ នគរបាលជាតិ នៅវេលាម៉ោង ១០ និង៣០នាទីព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ លោកស្រីត្រូវបានមន្ត្រីហិរញ្ញវត្ថុសាលាខេត្តកំពង់ឆ្នាំង ហៅឲ្យទៅបើកប្រាក់សមាគមមន្ត្រី ពន្ធនាគាររួចហើយ មានចំនួន ៤,៥០០,០០០រៀល សម្រាប់ឧបត្ថម្ភបុណ្យសពលោក ពេជ្រ សុខ ជាស្វាមីផងដែរ។

លោកស្រី វង្ស វណ្ណារី រួមនិងកូនចៅ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេតសាវឿន, លោក ឌី វិជ្ជា និងលោកស្រី ហ៊ុន ម៉ាណា រួមនឹងអភិបាលខេត្តកំពង់ឆ្នាំង ដែលបានជួយសម្រួលដល់ការលំបាករបស់គាត់ និងបានគោរពជូនពរសូមទទួលបានជ័យជំនះគ្រប់ការងារភារកិច្ច ដែលប្រមុខរាជរដ្ឋាភិបាលប្រគល់ជូន និងសូមទទួលបានសេចសុខ គ្រប់ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូមបញ្ជាក់ថា លោក ពេជ្រ សុខ ដែលជាមន្ត្រីពន្ធនាគារខេត្តកំពង់ឆ្នាំង តាំងពីគាត់ទទួលមរណភាពមកមានរយៈពេល៣ខែមកហើយ ដែលភរិយារបស់គាត់មិនទាន់ទទួលបានថវិកាឧបត្ថម្ភពីសមាគមដែលតាមលក្ខន្តិកៈគឺភរិយារបស់គាត់ត្រូវទទួលបាន តែខណៈភរិយាគាត់ទាក់ទងទៅអ្នកបើកប្រាក់នៅសាលាខេត្ត គឺអ្នកទទួលបើកប្រាក់តែងតែអះអាងថា រងចាំមានអ្នកស្លាប់ច្រើនទើបគេទម្លាក់លុយបើកអោយម្ដងដែលចំណាត់ការនេះ បានធ្វើអោយគ្រួសារ នៃសពជួបការលំបាកយ៉ាងខ្លាំង ព្រោះតែបានខ្ចីបុលគេដើម្បីយកលុយមកធ្វើបុណ្យសពប្ដីដោយសង្ឃឹមថាពេលបើកប្រាក់សមាគមបានយកទៅសងគេវិញ។ ប៉ុន្តែក្រោយរូបគាត់មិនអាចទ្រាំបានតទៅទៀតក៏ទម្លាយព័ត៌មានអោយអ្នកសារព័ត៌មាន
ជួយផ្សព្វផ្សាយដើម្បីសុំការអន្តរាគមន៏ពីថ្នាក់ដឹកនាំ និងមានការអន្តរាគមន៏រួចមកទើបមន្ត្រីសាលាខេត្តទាក់ទងអញ្ជើញទៅបើកប្រាក់ភ្លាមៗតែម្ដង៕