(បន្ទាយមានជ័យ)៖ លោកយាយចាស់ជរា ដែលត្រូវចិញ្ចឹមចៅតូចៗ ២នាក់ នៅក្នុងបន្ទុកផងនោះ ត្រូវបានលោកឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ប្រធានក្រុមការងារចុះជួយខេត្តបន្ទាយមានជ័យ ផ្តល់អំណោយជាគ្រឿងឧបភោគបរិភោគ ព្រមទាំងកង់១គ្រឿង ដើម្បីជួយកាត់បន្ថយការលំបាកមួយចំនួន នៅក្នុងជីវភាពប្រចាំថ្ងៃ។

អំណោយទាំងនេះត្រូវបាន លោក សួន បវរ លោក លី សារី អភិបាលរងខេត្ត​ និងលោកស្នងការនគរបាលខេត្តឧត្តមសេនីយ៍ អាត់ ខែម នាំយកទៅ ប្រគល់ជូនដល់លំនៅដ្ឋាន នាក្រុងសិរីសោភ័ណ នាថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៦នេះ។

លោកឧត្តមសេនីយ៍ស្នងការ បានថ្លែងថា អំណោយ និងថវិកាទាំងនេះ ក៏មានការចូលរួមឧបត្ថម្ភពីលោក លី សារី និងលោក សួន បរវ អភិបាលរងខេត្តបន្ទាយមានជ័យផងដែរ។ លោកស្នងការបានផ្តាំផ្ញើការសុខទុក្ខពីលោកប្រធានក្រុមការងារ ចំពោះប្រជាពលរដ្ឋ​ នៅក្នុងខេត្តគ្រប់ពេលវេលា។

សូមបញ្ជាក់ថា លោកយាយជាទុរគតជនមានជម្ងឺប្រចាំកាយ និងចៅកំព្រាប្រុសស្រី ២នាក់ទៀត រស់នៅលើដីចំណីផ្លូវ ក្នុងភូមិ ៨ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ លោកយាយ ប៉ាល់ អឿត មានអាយុ៧៤ឆ្នាំ និងចៅប្រុសឈ្មោះ រស់ ប្រុស អាយុ១២ឆ្នាំ និងចៅស្រី រស់ ស្រីណយ អាយុ១៤ឆ្នាំ កំពុងសិក្សានៅសាលាគំរូ។​ ក្មេងពីរនេះ ត្រូវបានម្តាយស្លាប់ចោលច្រើនឆ្នាំ ហើយឪពុកទៅរកស៊ីជាកម្មករ នៅជាយដែនកម្ពុជា-ថៃ មិនដែលមកមើលថែ ទើបត្រូវរស់នៅជាមួយជីដូនជរាមានជម្ងឺប្រចាំកាយរហូតដល់សព្វថ្ងៃ។

ក្រុមការងារខេត្តចុះជួយមូលដ្ឋាន បាននិយាយថា អំណោយដែលនាំមកនាថ្ងៃនេះសរុបមានអង្ករ១០០ គីឡូក្រាម មី២កេស ទឹកត្រីទឹកស៊ីអ៊ីវ ត្រីខ ទឹកសុទ្ធ សម្ភារះសិក្សារ២កំភ្លេ កង់១ និងថវិការ ៦៣ម៉ឺនរៀល។ ហើយក្រុមការងារនិងបន្តជួយគ្រួសារមួយនេះ រហូតក្មេងតូចៗអាចចិញ្ចឹមខ្លួនឯងបាន៕