(កណ្ដាល)៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងរថយន្ត និងរថយន្ត បណ្ដាលឲ្យស្ដ្រីម្នាក់ បានបាត់បង់ជីវិត និងមនុស្សចំនួន៥ទៀត (ស្រី) បានរបួសស្រាល។

ករណីនេះបានកើតឡើង កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ វេលាម៉ោង០៤៖៣០នាទីទៀបភ្លឺ នៅលើផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែតលេខ២១-២២ ត្រង់ចំណុចមុខផ្សារព្រែកអញ្ចាញ ស្ថិតនៅភូមិក្រោម ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្ដកណ្ដាល។

បើតាមសាច់ញាតិរបស់ស្ដ្រីរងគ្រោះ បានប្រាប់មកបណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១នេះ ឲ្យដឹងថា រហូតមកដល់ពេលនេះ ក្រុមគ្រួសារមិនទាន់ ទទួលបានសំណង ពីជនបង្កនៅឡើយនោះទេ។

តាមរបាយការណ៍ របស់សមត្ថកិច្ច បានឲ្យដឹងថា កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ មានរថយន្ត១គ្រឿង ម៉ាកនីសាន់ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2B-9951 បើកបរដោយឈ្មោះ សូ សុខវ៉ៃ ភេទប្រុស អាយុ៥០ឆ្នាំ មានទីលំនៅភូមិល្វាទេ ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដោយមានអ្នករួមដំណើរ០៧នាក់៖

១៖ ឈ្មោះ សុខ សារ៉ុម ភេទស្រី អាយុ៥៥ឆ្នាំ មានទីលំនៅភូមិពុកឫស្សី ឃុំពុកឫស្សី ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល
២៖ ឈ្មោះ ហួត សុខុម ភេទស្រី អាយុ៦៦ឆ្នាំ មានទីលំនៅភូមិមាន់ដប់ក្រោម ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម
៣៖ ឈ្មោះ ជឿន នួន ភេទស្រី អាយុ៣៥ឆ្នាំ មានទីលំនៅភូមិមាន់ដប់ ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម
៤៖ ឈ្មោះ សែម ផន ភេទស្រី អាយុ៥៦ឆ្នាំ មានទីលំនៅភូមិមាន់ដប់ ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម
៥៖ ឈ្មោះ ទិត្យ ធឿន ភេទស្រី អាយុ៥២ឆ្នាំ មានទីលំនៅភូមិមាន់ដប់ ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម
៦៖ ឈ្មោះ ម៉ោញ ភឿន ភេទស្រី អាយុ៥៥ឆ្នាំ មានទីលំនៅភូមិមាន់ដប់ ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម
៧៖ ឈ្មោះ ឆឺន សារ៉ុម ភេទស្រី អាយុ៤៣ឆ្នាំ មានទីលំនៅភូមិជាមាន់ដប់ ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។

រថយន្ដនេះ ធ្វើដំណើរពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ បានឈប់នៅកណ្ដាលទ្រូងផ្លូវ ស្របពេលនោះ ក៏មានរថយន្ត១គ្រឿងម៉ាក ហ៊ីយិនដាយ ពណ៌ក្រហម ពាក់ស្លាកលេខ រតនៈគីរី3A-6987 អ្នកបើកបររត់គេចបាត់ (ប្រភេទដឹកអ្នកដំណើរធន់ធំ) ធ្វើដំណើរពីជើងទៅត្បូង (ពីរតនៈគីរីទៅភ្នំពេញ ស្របទិសគ្នា)។

ពេលនោះ បានមកបុករថយន្ត នីសាន់ ដែលឈប់លើទ្រូងផ្លូវខាងលើ បណ្ដាលឲ្យស្លាប់ឈ្មោះ សុខ សារ៉ុម ពេលបញ្ចូនទៅពេទ្យស្រុកមុខកំពូល និងមនុស្ស៦នាក់ទៀត បានរងរបួសធ្ងន់-ស្រាល បញ្ចូនទៅព្យាបាល នៅមន្ទីរពេទ្យ។

ក្រោយពីទទួលបានព័ត៌មាន កំលាំងប៉ុស្តិ៍ព្រែកអញ្ចាញ និងកំលាំងជំនាញ បានចុះទៅដល់កន្លែងកើតហេតុ ហើយបានពិនិត្យកន្លែងកើតហេតុ និងវាស់វែង រួចបានយករថយន្តទាំង២ មករក្សាទុកនៅអធិការដ្ឋាន នគរបាលស្រុកមុខកំពូល៕