(កំពង់ស្ពឺ)៖ ស្ត្រីរងគ្រោះម្នាក់ឈ្មោះ ឌួង ហេម៉ាលីស ដែលត្រូវយោធាផ្កាយ២ឈ្មោះ សូយ ចាន់សឿន តួនាទីជានាយរងទីចាត់ការអភិវឌ្ឍន៍ អគ្គបញ្ជាការក្រសួងការពារជាតិ វាយតប់ខ្លួនឲ្យមានរបួសស្នាមធ្ងន់ធ្ងរ និងគម្រាមសម្លាប់ផងនោះ បានប្ដឹងចូលអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ ដោយចោទប្រកាន់ពីបទ «ប្រើអំពើហិង្សា ដោយមានស្ថានទម្ងន់ និងបង្ខាំងដោយខុសច្បាប់» ដែលបានប្រព្រឹត្តមកលើខ្លួនកាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២១កន្លងទៅថ្មីនេះ។

យោងតាមពាក្យបណ្ដឹងដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១នេះ មានខ្លឹមសារថា «កាលពីវេលាម៉ោង១០ ព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ នៅក្នុងរថយន្តដែលកំពុងជិះតែពីរនាក់ នៅលើដងផ្លូវស្ថិតនៅរង្វង់មូលតាខ្មៅ ទីរួមខេត្តកណ្ដាល ឈ្មោះ សូយ ចាន់សឿន បានវាយដំមកលើនាងខ្ញុំ និងបានដកកាំភ្លើងខ្លីភ្ជង់មកលើនាងខ្ញុំមិនឲ្យខ្ញុំស្រែក និងគម្រាមបាញ់បំបាក់ជើង និងបាញ់សម្លាប់ តាមផ្លូវរហូតទៅដល់ខេត្តកំពង់ស្ពឺ ស្ថិតនៅភូមិចំការចេក ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺ ព្រមទាំងចាប់បង្ខាំងនាងខ្ញុំនៅក្នុងផ្ទះកូនចៅរបស់គាត់ ឈ្មោះ ស្រី សម្បត្តិ ដែលមានតួនាទីជានាយស្ដីទីការិយាល័យអភិវឌ្ឍន៍ នៃអគ្គបញ្ជាការក្រសួងការពារជាតិ រហូតដល់ម៉ោង៧យប់ថ្ងៃខែឆ្នាំដដែល ទើបមានសមត្ថកិច្ចនគរបាលចុះមកអន្តរាគមន៍ រំដោះនាងខ្ញុំចេញពីផ្ទះដែលបានបង្ខាំងយកទៅសង្គ្រោះនៅមន្ទីរពេទ្យ។

ស្ត្រីរងគ្រោះបានប្រាប់មកភ្នាក់ងារអង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា ដើមហេតុដែលនាំឲ្យកើតហិង្សាយ៉ាងដូច្នេះ និងដំណើររឿងថាដោយសារតែទាស់សំដីគ្នាបន្តិចបន្តួច ពាក់ព័ន្ធការផ្ដល់យោបល់ផ្លូវច្បាប់ជុំវិញករណីប្ដឹងប្ដល់គ្នាលើករណីវិវាទដីធ្លីរបស់លោក សូយ ចាន់សឿន ហើយបុគ្គលរូបនេះកើតការខឹងសម្បាដូចកម្រោលចូល ក៏បានដាល់ចំភ្នែក កញ្ចឹងក និងលើទ្រូងជាច្រើនដៃ បណ្ដាលឲ្យវិលមុខ ដែលការវាយនេះនៅម្ដុំរង្វង់មូលតាខ្មៅ ខេត្តកណ្ដាល។

បន្ទាប់មកជនដៃដល់ក៏បានបើកឡានទៅដល់ម្ដុំច្បារអំពៅ ក៏ធ្វើវាយប៉ុន្មានដៃថែមទៀត និងបើកឡានរហូតដល់ខេត្តកំពង់ស្ពឺ ក៏បានវាយតប់ និងគម្រាមបាញ់សម្លាប់ បាញ់បំបាក់ជើងថែមទៀតផង ហើយបើកឡានទៅផ្ទះកូនចៅរបស់គាត់ ឈ្មោះ ស្រី សម្បត្តិ និងបានបង្ខាំងខ្លួននៅក្នុងផ្ទះ ហើយខ្លួនក៍បានតេ ទូរស័ព្ទទៅសាច់ញាត្តិ និងសមត្ថកិច្ចភ្លាម ។ បន្ទាប់មកនៅយប់វេលាម៉ោងជាង៧ ទើបខាងសមត្ថកិច្ចមកដល់ និងបានរំដោះខ្លួនចេញមក ដើម្បីទៅមន្ទីរពេទ្យធ្វើការ សង្រ្គោះព្យាបាល ព្រោះខ្លួនមានអាការៈលើសឈាមខ្លាំង និងរបួសធ្ងន់ធ្ងរនៅលើភ្នែកទាំងសងខាង។

ស្ត្រីដដែលបានបញ្ជាក់ទៀតថា ខ្លួនបានដាក់បណ្ដឹងចូលអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺរួចរាល់ហើយ ដើម្បីរកយុត្តិធម៌ជូនខ្លួន ព្រោះការឈឺចាប់ផ្លូវកាយ និងផ្លូវចិត្តនេះមានទំហំធំធេងណាស់ ខណៈខ្លួនជានារីទន់ខ្សោយ ប៉ុន្តែបែរជាត្រូវបុរសមាឌធំម្នាក់វាយប្រហារយ៉ាងសាហាវយ៉ាងដូច្នេះ ដោយគ្មានគោរសិទ្ធិស្ត្រីសូម្បីបន្តិច។

ស្ត្រីរងគ្រោះទទូចសុំតុលាការខេត្តកំពង់ស្ពឺ មេត្តារួសរាន់ចាត់ការលើសំណុំរឿងនេះលង ដោយសារបុគ្គលនេះតែងតែគម្រាមមកលើខ្លួន ពិសេសខ្លួនមានការបារម្ភខ្លាំង ចំពោះសុវត្ថិភាព ដោយសារបុគ្គលនេះជាមនុស្សដៃឆៅថាបាញ់គឺបាញ់ ថាសម្លាប់គឺសម្លាប់៕

ខាងក្រោមជាពាក្យបណ្តឹងរបស់ជនរងជាស្រ្តីឈ្មោះ ឌួង ហេម៉ាលីស៖