(សៀមរាប)៖ គណៈកម្មាធិការអន្តរជាតិដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ ហៅកាត់ថា អាយស៊ីស៊ី-អង្គរ (ICC-Angkor) បានសម្រេចរៀបចំកិច្ចប្រជុំបច្ចេកទេសលើកទី៣៤ និងកិច្ចប្រជុំពេញអង្គលើកទី២៧ នៃអាយស៊ីស៊ី-អង្គរ នៅថ្ងៃទី២៦-២៧ ខែមករា ឆ្នាំ២០២១ នាសណ្ឋាគារសូហ្វីតែល ខេត្តសៀមរាប បន្ទាប់ពីខកខានដោយសារការរីករាតត្បាតជាសកលនៃជំងឺកូវីដ១៩។

កិច្ចប្រជុំទាំងពីរនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពលោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃអាជ្ញាធរជាតិអប្សរា ក្នុងនាមតំណាងរាជរដ្ឋាភិបាលកម្ពុជា និងលោកស្រី Eva Nguyên-Binh ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា និងលោក Mikami Masahiro ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា ក្នុងនាមសហប្រធាននៃកិច្ចប្រជុំពេញអង្គ។

ទន្ទឹមនឹងនេះ អ្នកជំនាញការអន្តរជាតិ ភ្ញៀវជាតិ និងក្រុមអ្នកជំនាញពាក់ព័ន្ធមួយចំនួនទៀត នឹងចូលរួមកិច្ចប្រជុំទាំងពីរ តាមរយៈ Video conference ពីកិច្ចប្រជុំជាក់ស្តែងនាខេត្តសៀមរាប និងក្រៅប្រទេស។ កិច្ចប្រជុំនេះដែរ ក៏មានការចូលរួមពីអ្នកជំនាញអាដហុកថ្មី សម្រាប់ការងារអភិរក្សដែលទើបទទួលបានការតែងតាំងថ្មីគឺ លោកសាស្រ្តាចារ្យ Stefano De Caro អតីតអគ្គនាយកនៃវត្ថុបុរាណរបស់ប្រទេសអ៉ីតាលី និងជាអតីតអគ្គនាយកនៃ ICCROM ។

ប្រធានបទសំខាន់ៗនៃកិច្ចប្រជុំ គឺផ្តោតលើការអភិរក្សនិងអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅក្នុងតំបន់អង្គរ ការតាមដានអំពីការអនុវត្តនូវរាល់អនុសាសន៍ដែលកិច្ចប្រជុំអាយស៊ីស៊ី-អង្គរ បានសម្រេចនាពេលកន្លងមក ការពិភាក្សាផ្លាស់ប្តូរយោបល់រវាងអ្នកជំនាញអាដហុកអំពីកិច្ចការផ្សេងៗដែលកំពុងនិងត្រៀមអនុវត្តនាពេលអនាគត។ ក្នុងនោះដែរ កិច្ចប្រជុំក៏នឹងសម្រេចអនុម័តនូវអនុសាសន៍ថ្មីៗបន្ថែមដល់ក្រុមការងារជំនាញ ដើម្បីអនុវត្តស្របតាមផែនការអនុវត្តគម្រោងនីមួយៗ។

ចំពោះការចូលរួមដោយផ្ទាល់ពីអ្នកជំនាញជាតិ-អន្តរជាតិ នៅសណ្ឋាគារសូហ្វីតែល គឺប្រកាន់ខ្ជាប់នូវវិធានការអនាម័យ និងការរក្សាគម្លាតសង្គម ក្នុងនោះបានកំណត់ចំនួនអ្នកចូលរួមផ្ទាល់ចំនួនតែ ៧០ នាក់ប៉ុណ្ណោះ៕