(ភ្នំពេញ)៖ សាលារាជធានីភ្នំពេញ បានច្រានចោលនូវការចោទប្រកាន់ថា បានហាមឃាត់ ការដង្ហែក្បួនបុណ្យមាឃបូជា ដូចការលើកឡើងរបស់មតិមួយចំនួនតូច ដែលចង់បំពុលបរិយាកាសសង្គមនោះទេ គឺសាលារាជធានីអនុញ្ញាតឲ្យ មានការដង្ហែក្បូនដូចធម្មតា ប៉ុន្តែដោយសារខ្លាចប៉ះពាល់ដល់រាជរដ្ឋាភិបាល ដែលទទួលប្រតិភូនោះ សម្តេចសង្ឃនាយក នន្ទ ង៉ែត សុំមិនដង្ហែក្បូនវិញ។

សាលារាជធានីភ្នំពេញ បានសរសេរលើ Facebook Page ផ្លូវការរបស់ខ្លួនទាំងស្រុងថា៖

នាពេលថ្មីៗនេះ នៅលើបណ្ដាញព័ត៌មានសង្គម សាលារាជធានីភ្នំពេញ សង្កេតឃើញសាធារណៈមតិមួយចំនួនតូច បានលើកឡើងក្នុងន័យបំពុលបរិយាកាសសង្គម ថាសាលារាជធានីបានធ្វើការហាមឃាត់ ពិធីដង្ហែរក្បួនបុណ្យមាឃបូជា។ សាលារាជធានីភ្នំពេញ សូមធ្វើការបកស្រាយដូចខាងក្រោម៖

តាមការពិតសាលារាជធានី បានអនុញ្ញាតប្រគេនថ្វាយសម្ដេចព្រះសង្ឃនាយក នន្ទ ង៉ែត ដឹកនាំការហែក្បួនសាសនាបានតាមផ្លូវធម្មតា ប៉ុន្ដែការដង្ហែក្បួនដែលដល់ចំណុច មហាវិថីព្រះសុរាម្រិតត្រង់ទៅលិច ដល់វិមានឯករាជ្យបត់ស្ដាំ ទៅជើងតាមមហាវិថីព្រះនរោត្តមនោះ គឺត្រូវពង្វាងផ្លូវព្រះនរោត្តមនេះ ព្រោះមានជាន់កម្មវិធីរបស់ភ្ញៀរាជរដ្ឋាភិបាល ដូចនេះយើងតម្រូវឲ្យការហែក្បួននោះ បត់មកផ្លូវឧកញ៉ាសូរ ស្រ៊ុន ចូលមកវត្តវិញតែម្ដង តែសម្ដេចសង្ឃសុំមិនដង្ហែក្បួនវិញ ដើម្បីកុំឲ្យមានការប៉ះពាល់ ដល់កម្មវិធីរបស់រាជរដ្ឋាភិបាល៕