(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា បានលើកឡើងថា ការជាប់ឆ្នោតជាបន្តបន្ទាប់របស់គណបក្សប្រជាជនកម្ពុជា ពីមួយអាណត្តិ ទៅមួយអាណត្តិ មិនមែនជារឿងចៃដន្យឡើយ ប៉ុន្តែជាការសរបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់ពីការប្រគល់នូវការជឿទុកចិត្ត និងការគាំទ្រមិនងាករេរបស់ប្រជាជនគ្រប់ស្រទាប់វណ្ណៈ។

តាមរយៈបណ្តាញសង្គម Facebook នៅថ្ងទី២៦ ខែមករា ឆ្នាំ២០២១នេះ តំណាងរាស្រ្តវ័យក្មេង លោក ហ៊ុន ម៉ានី បានលើកឡើងយ៉ាងដូច្នេះថា៖ «គណបក្សប្រជាជន កើតចេញពីប្រជាជន ដើម្បីប្រជាជន និងសម្រាប់ប្រជាជន។ ការជាប់ឆ្នោតជាបន្តបន្ទាប់ របស់គណបក្សប្រជាជនកម្ពុជា ពីមួយអាណត្តិទៅមួយអាណត្តិ មិនមែនជារឿងចៃដន្យឡើយ ប៉ុន្តែជាការសរបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់ពីការប្រគល់នូវការជឿទុកចិត្ត និងការគាំទ្រមិនងាករេរបស់ប្រជាជនគ្រប់ស្រទាប់វណ្ណៈមកលើគណបក្សយើង»។

ជាមួយគ្នានេះដែរ លោក ហ៊ុន ម៉ានី បានបន្តថា ការជឿជាក់ និងការបន្តគាំទ្រពីសំណាក់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈមកលើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា គឺបានស្តែងចេញពីអ្វីដែលពួកគាត់ទាំងអស់បាន និងកំពុងទទួល ដែលក្នុងនោះ គឺការរស់នៅក្នុងសន្តិភាព និងការអភិវឌ្ឍ ជាមួយនឹងក្តីសង្ឃឹមរបស់ពួកគាត់ទៅថ្ងៃអនាគត ជាមួយគណបក្សប្រជាជនកម្ពុជា។

ដោយបដិសន្ធិនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ គណបក្សប្រជាជនកម្ពុជា បានចូលរួមជាបន្តបន្ទាប់ក្នុងបុព្វហេតុជាតិ។ គណបក្សបានរំដោះប្រជាជនកម្ពុជាឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ដ៏សាហាវយង់ឃ្នង នាថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩។ បន្ថែមពីនេះសមិទ្ធផលរបស់គណបក្សប្រជាជនកម្ពុជា គឺការសម្រេចបានជោគជ័យក្នុងការបង្រួបបង្រួមជាតិ ដោយការដាក់ចេញគោលនយោបាយបង្រួបបង្រួមជាតិនៅឆ្នាំ១៩៨៧។ ការអនុវត្តដោយជោគជ័យនៃនយោបាយឈ្នះ-ឈ្នះ បាននាំមកនូវសន្តិភាពពេញលេញនូវការឯកភាពជាតិ ឯកភាពទឹកដីទាំងស្រុង ចាប់ពីចុងឆ្នាំ១៩៩៨ បង្កើតបានសន្តិភាព និងស្ថិរភាពនយោបាយ ផ្តល់ឱកាសដ៏មានតម្លៃបំផុត ដែលពុំធ្លាប់មានដល់ប្រជាជនកម្ពុជាក្នុងការអភិវឌ្ឍសង្គមជាតិ។

ចាប់ពីកម្ពុជារៀបចំការបោះឆ្នោតតាំងពីឆ្នាំ១៩៩៣ គណបក្សប្រជាជនកម្ពុជា ទទួលបានការគាំទ្រជាបន្តបន្ទាប់ និងគ្រប់អាណត្តិ។ នៅក្នុងការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី០៥ កាលពីឆ្នាំ២០១៣ កន្លងទៅនេះ គណបក្សបានទទួលអាសនៈចំនួន៦៨ នៅក្នុងរដ្ឋសភា ហើយនៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី០៦ គណបក្សនេះទទួលបានសំឡេងគាំទ្រច្រើនលើសលុប និងកាន់កាប់អាសនៈរដ្ឋសភាទាំងស្រុងផងដែរ៕