(បន្ទាយមានជ័យ)៖ តំណាងក្រុមហ៊ុន ប៉ាងណាគ្រី បានច្រានចោលព័ត៌មានដែលចោទប្រកាន់ថា ក្រុមហ៊ុនបានកាយផ្តាច់ផ្លូវមិនឲ្យប្រជាពលរដ្ឋប្រើប្រាស់ ដឹកកសិផល និងធ្វើដំណើរនៅចំណុចអូរថៅកែយ៉ ក្នុងភូមិថ្មបាំង ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

លោក ព្រហ្ម សាម៉ូម តំណាងក្រុមហ៊ុនប៉ាងណាគ្រី បានឲ្យដឹងថា ក្រុមហ៊ុនមិនបានកាត់ផ្តាច់ផ្លូវនោះទេ ផ្ទុយទៅវិញផ្លូវនេះជារបស់ក្រុមហ៊ុនដែលស្ថាបនាឡើងថ្មី តភ្ចាប់ពីផ្លូវជាតិលេខ៥៩ ត្រង់ឃុំទួលពង្រ ស្រុកម៉ាឡៃ ទៅកាន់ផ្លូវជាតិលេខ៥៧ ស្រុកសំពៅលូន ខេត្តបាត់ដំបង មានប្រវែង២៣គីឡូម៉ែត្រ ទទឹង៣០ម៉ែត្រ ជាផ្លូវចាក់បេតុង ស្ថាបនារួច នឹងប្រគល់ជូនរដ្ឋសំរាប់ឲ្យប្រជាពលរដ្ឋប្រើប្រាស់។

លោកបញ្ជាក់ថា «មូលហេតុកាយផ្តាច់ផ្លូវ ត្រង់ប្រជាពលរដ្ឋបានចោទប្រកាន់ធ្វើការតវ៉ានោះ វាជាចំណុចអូរ ដែលត្រូវសាងសង់ស្ពាន និងត្រូវកាត់ផ្តាច់បណ្តោះអាសន្នសិន ដែលក្រុមហ៊ុនកំពុងសាងសង់រោងចក្របន្ថែម និងដើម្បីការពារគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋធ្វើដំណើរ ខណៈដែលគ្រឿងចក្រក្រុមហ៊ុនកំពុងតែអភិវឌ្ឍន៍ស្ថាបនាផ្លូវ និងសំណង់អគារផ្សេងៗ»

លោកបានបន្តថា ម្យ៉ាងវិញទៀតក្រុមហ៊ុន មានតែជួយសម្រួលស្ថាបនាផ្លូវចូលភូមិជូនប្រជាពលរដ្ឋប្រើប្រាស់ថែមទៀត មានបុគ្គលមួយចំនួនតូច បានយកដីកម្មសិទ្ធិរបស់ក្រុមហ៊ុនបើកបរចូលដីរបស់ខ្លួនជាបណ្តោះអាសន្ន ដល់ពេលក្រុមហ៊ុនត្រូវការវិញ បែរចោទក្រុមហ៊ុនថា កាយផ្តាច់ផ្លូវពលរដ្ឋទៅវិញ។

លោក ញ៉ែម ហ៊ាន មេភូមិថ្មបាំង បានឲ្យដឹងថា បន្ទាប់ពីក្រុមហ៊ុន ប៉ាងណាគ្រី បានទិញដីនៅក្នុងភូមិខាងលើ ក្រុមហ៊ុនបានធ្វើការអភិវឌ្ឍន៍ធ្វើជារោងចក្រ ផ្ទះល្វែង ដីល្វែង ហើយក្រុមហ៊ុន ក៏បានបើកការដ្ឋាន និងស្ថាបនាផ្លូវថ្មីៗ ទំហំ៣០ម៉ែត្រ ប្រវែងជាង២០គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ៥៩ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ទៅកាន់ផ្លូវជាតិលេខ៥៧ នៅស្រុកសំពៅលូន ខេត្តបាត់ដំបង បានបើកការដ្ឋាន ហើយមានអាជ្ញាធរខេត្តទាំងពីរចូលរួមផងដែរតែប្រជាពលរដ្ឋគាត់យល់ច្រឡំថា កម្មវិធីនោះជាកម្មវិធីសម្ភោធផ្លូវដាក់ឲ្យប្រើប្រាស់ ហើយឃើញក្រុមហ៊ុនមកកាត់ផ្តាច់ទើបតវ៉ា។

លោកបញ្ជាក់ថា ផ្លូវនេះកំពុងជាកម្មសិទ្ធិរបស់ក្រុមហ៊ុននៅឡើយទេ ដោយក្រុមហ៊ុនកំពុងតែស្ថាបនា លុះត្រាតែក្រុមហ៊ុនស្ថាបនារួច ទើបប្រគល់ជូនរដ្ឋដាក់ឲ្យពលរដ្ឋប្រើប្រាស់។ លោកបញ្ជាក់ថា ផ្លូវនេះមិនបានធ្វើឲ្យប៉ះពាល់ ដល់ការដឹកកសិផលរបស់ប្រជាពលរដ្ឋទេ គឺជាផ្លូវដែលទ្រួសត្រាយព្រៃក្រុមហ៊ុន បង្កើតឡើងថ្មីសុទ្ធសាតទេម្តង ហើយប្រជាពលរដ្ឋមានផ្លូវជាច្រើនទៀតដែលអាចធ្វើដំណើរបាន៕