(ភ្នំពេញ)៖ លោកបណ្ឌិត អ៉ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៉ីលីដា បានឲ្យដឹងថា បច្ចុប្បន្ននេះការប្រើប្រាស់ប្រព័ន្ធអេឡិចត្រូនិក ក្នុងការទូទាត់ពិតជាផ្ដល់ភាពងាយស្រួល និងអត្ថប្រយោជន៍ច្រើន ដល់វិស័យធនាគារ។

ជាក់ស្ដែងសម្រាប់អេស៊ីលីដាក្នុងមួយថ្ងៃ ទទួលបានការទូទាត់ទឹកប្រាក់តាមប្រព័ន្ធអេឡិចត្រូនិក ពីអតិថិជនចំនួន១ពាន់លានដុល្លារ។ មួយវិញទៀត អតិថិជនមកប្រើប្រាស់សេវាតាមបញ្ជរគ្រប់សាខាធនាគារថយចុះជាលំដាល់។

ការលើកឡើងបែបនេះ របស់លោកបណ្ឌិត អ៉ិន ចាន់នី ធ្វើឡើងក្នុងឱកាសអញ្ជើញចូលរួមកម្មវិធីដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ប្រព័ន្ធទូទាត់អេឡិចត្រូនិក ‍‍‍‍‍‍‍‍‍Retail Pay នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១។

លោកបណ្ឌិត អ៉ិន ចាន់នី បានឲ្យដឹងថា «មូលនិធិដែលផ្ទេរប្រចាំថ្ងៃរបស់ធនាគារអេស៊ីលីដា មានចំនួនមិនតិចជាង១ពាន់លានដុល្លារឡើយ សម្រាប់ឆ្នាំ២០២០ ហើយនេះជាកំណើនខ្ពស់បំផុត។ អតិថិជនប្រើប្រាស់ប្រព័ន្ធអេឡិចត្រូនិក សម្រាប់ទូទាត់ប្រាក់មានកំណើនច្រើន។ កាលពីមុនមានអតិថិជនមកប្រើប្រាស់ បញ្ជររបស់ធនាគារអេស៊ីលីដា គ្រប់សាខាច្រើនមែនទែន។

លោកបណ្ឌិតបញ្ជាក់ថា «សម្រាប់ឆ្នាំ២០២០ អតិថិជនដែលមកប្រើប្រាស់បញ្ជររបស់ធនាគារអេស៊ីលីដា មានត្រឹមតែ១៨ភាគរយប៉ុណ្ណោះ នៃចំនួនអតិថិជនប្រមាណជាង២លាននាក់នេះ ក្រៅពីនោះអតិថិជនប្រើប្រាស់ ការទូទាត់តាមរយៈប្រព័ន្ធអេឡិចត្រូនិកតាមទូរស័ព្ទដៃ»

លោកបណ្ឌិត អ៉ិន ចាន់នី បានបន្ថែមថា សម្រាប់ឆ្នាំ២០២១នេះ ការប្រើប្រាស់បញ្ជររបស់អតិថិជន មានមិនដល់១២ភាគរយឡើយ ឬ១០ភាគរយ ព្រោះបច្ចុប្បន្ននេះការប្រើប្រាស់ តាមប្រព័ន្ធអេឡិចត្រូនិក មានភាពងាយស្រួល រហ័ស ចំណាយទាំងថវិកា និងពេលវេលាតិច។ ដូច្នេះអតិថិជនមិនចាំបាច់មកបញ្ជរឡើយ កាលណាអតិថិជនមកមកបញ្ជរ ការចំណាយរបស់ពួកគាត់ក៏ចំណេញ ចំណែកការចំណាយរបស់ធនាគាអេស៊ីលីដាក៏តិច៕