(ភ្នំពេញ)៖ ក្រុមហ៊ុន ម៉ារីថាម អសិត ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន ម៉ារីថាម គ្រុប នៅរសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១នេះ បានរៀបចំពិធីបិទបញ្ចប់ការសាងសង់ គ្រោងអគារការិយាល័យទំនើបរបស់ខ្លួន ដែលមានឈ្មោះថា «Maritime Tower»។

អគារការិយាល័យទំនើបនេះ មានកម្ពស់២៦ជាន់ វិនិយោគទឹកប្រាក់ ៣០លានដុល្លារអាមេរិក ស្ថិតនៅតាមបណ្ដោយមហាវិថីសម្ដេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) នឹងក្លាយទៅជាតំបន់ធុរកិច្ចដ៏មានសក្តានុពល ប្រមូលផ្ដុំទៅដោយអគារទំនើបៗ មជ្ឈមណ្ឌលពាណិជ្ជកម្មខ្នាតអន្តរជាតិ។

លោក គង់ វ៉ារ៉ា អគ្គនាយកប្រតិបត្តិការ និងជាអនុប្រធានក្រុមហ៊ុន ម៉ារីថាមគ្រុប តំណាងអ្នកឧកញ៉ា ហេង សិទ្ធី អគ្គនាយកក្រុមហ៊ុនម៉ារីថាម គ្រុប បានបង្ហាញនូវមោទនភាព ដែលអគារការិយាល័យទំនើប Maritime Tower បានបញ្ចប់ការសាងសង់គ្រោងអគារនៅពេលនេះ ទោះបីស្ថានក្នុងស្ថានភាពពិភពលោក ក៏ដូចជាកម្ពុជារងផលប៉ះពាល់ដោយកូវីដ១៩ក្តី។

លោកបន្តថា គោលបំណងដែលអ្នកឧកញ៉ា ហេង សិទ្ធី សាងសង់នូវអគារការិយាល័យបែបឌីជីថលដ៏ទំនើបនេះ គឺស្របទៅនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលផ្តោតជាសំខាន់ក្នុងការកសាង និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ពន្ធឌីជីថល និងបច្ចេកវិទ្យាសារទូរគមនាគមន៍ និងព័ត៌មានវិទ្យា ដើម្បីបំប្លែងសេដ្ឋកិច្ចកម្ពុជាឱ្យក្លាយជាសេដ្ឋកិច្ចឌីជីថល ក្នុងពេលអនាគតដ៏ខ្លីខាងមុខ។

លោកបន្តថា អគារការិយាល័យលំដាប់អន្តរជាតិមួយនេះ ដែលនឹងបំពាក់ដោយសម្ភារៈបរិក្ខារទំនើបៗ ពិតជានឹងរួមចំណែកធ្វើឱ្យអតិថិជន ដែលប្រើប្រាស់អគារនេះជាទីស្នាក់ការរបស់ខ្លួន អាចនឹងមានការជ្រួតជ្រាបអំពីបច្ចេកវិទ្យាសារគមនាគមន៍ ដែលជាគន្លឹះក្នុងការបង្កើនល្បឿន ការអភិវឌ្ឍលើវិស័យបច្ចេកវិទ្យា។

លោក គង់ វ៉ារ៉ា បានបញ្ជាក់ថា «ទោះបីជាមានការរីករាលដាល់នៃជំងឺកូវីដ១៩ យាយីដល់ពិភពលោកក៏ដោយ ក៏ប៉ុន្តែដោយការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចនាយករដ្ឋមន្ត្រី គឺធ្វើឲ្យកម្ពុជាមានភព្វសំណាងជាងគេ។ យើងឃើញថា អគារនេះមិនមានការផ្អាកការសាងសង់នោះទេ ទោះបីមានការយឺតយ៉ាវដោយសារសម្ភារ ត្រូវនាំចូលមកពីក្រៅប្រទេសក្តី ក៏អគារនេះត្រូវបានបញ្ជប់ការសាងសង់គ្រោងជាស្ថាពរ ដែលយើងបានរៀបចំពិធីនៅថ្ងៃនេះ»

សូមជម្រាបថា អគារការិយាល័យទំនើបលំដាប់អន្តរជាតិ តម្លៃ៣០លានដុល្លារ «Maritime Tower» ត្រូវបានប្រារព្ធពិធីបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩ ហើយគ្រោងបញ្ចប់ដាក់ឲ្យប្រើប្រាស់នៅឆ្នាំ២០២១នេះ៕