(កំពង់ធំ)៖ នាយឧត្តមសេនីយ៍ គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានគូសរំលេចថា អតីតយុទ្ធជនកម្ពុជា គឺជាអ្នកមានគុណបំណាច់ធំធេងសម្រាប់ជាតិ និងប្រជាជនកម្ពុជា ក្នុងពេលសង្គមកម្ពុជារងការញ៉ាំញីដោយភ្លើងសង្គ្រាមពីអតីតកាល។

លោកទេសរដ្ឋមន្ត្រី គន់ គីម ដែលជាសេនាធិការផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន លើការងារអតីតយុទ្ធជន និងគ្រប់គ្រងគ្រោះមហន្តរាយ បានលើកឡើងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជន ក៏ដូចជាសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តែងតែយកចិត្តទុកដាក់ខ្ពស់បំផុតលើជីវភាព និងការរស់នៅរបស់អតីតយុទ្ធជន។ លោក គន់ គីម បន្ថែមថា សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងបានក្រើនរំលឹក ដាស់តឿនរូបលោក ក៏ដូចជាមន្ត្រីសមាគមអតីតយុទ្ធជនកម្ពុជាទាំងអស់ ឱ្យយកចិត្តទុកដាក់ឱ្យបានខ្ពស់បំផុតដល់អតីតយុទ្ធជនកម្ពុជា។

ក្នុងកិច្ចប្រជុំបូកសរុបការងារសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ លោកទេសរដ្ឋមន្ត្រី គន់ គីម បានរំលឹកទៅដល់មន្ត្រីសមាគមអតីតយុទ្ធជនខេត្តថា «ទុក្ខលំបាករបស់បងប្អូនអតីតយុទ្ធជនយើង គឺជាទុក្ខលំបាករបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធ ក៏ដូចជាសមាគមរបស់យើងផងដែរ។ ដូច្នេះយើងត្រូវប្រឹងប្រែងឱ្យអស់លទ្ធភាពជួយដល់បងប្អូនអតីតយុទ្ធជន ធ្វើយ៉ាងណាឱ្យជីវភាពរបស់គាត់បានកាត់តែប្រសើរ និងចៀសផុតពីការលំបាកនានា»

ក្នុងកិច្ចប្រជុំបូកសរុបការងារនេះ ដោយមើលឃើញអតីតយុទ្ធជនមួយចំនួនមិនទាន់មានផ្ទះរស់នៅសមរម្យនោះ លោកទេសរដ្ឋមន្ត្រី គន់ គីម ក្នុងនាមសម្តេចតេជោ ហ៊ុន សែន បានកៀរគរសប្បុរសជននានា ជួយសាងសង់ផ្ទះជូនអតីតយុទ្ធជនក្នុងខេត្តកំពង់ធំនេះ បានចំនួន ១៧ខ្នងផងដែរ។

លោកទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់សប្បុរសជនដែលតែងតែជួយដោះស្រាយការលំបាករបស់អតីតយុទ្ធជន។ លោកទេសរដ្ឋ បានលើកឡើងថា ការជួយដោះស្រាយការលំបាករបស់អតីតយុទ្ធជន គឺជាកាយវិការតបស្នងសងគុណដល់អតីតយុទ្ធជន ដែលបានពលីកម្មដើម្បីបុព្វហេតុសង្គមកម្ពុជា។

លោកទេសរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា បើគ្មានការលះបង់ និងការចូលរួមរបស់អតីតយុទ្ធជនទាំងនោះទេ ក៏ប្រហែលមិនអាចផ្តល់មកនូវស្ថានភាពសង្គមដូចបច្ចុប្បន្ន ហើយក៏មិនផ្តល់ឱកាសល្អសម្រាប់ការរស់នៅ និងការកសាងអាជីវកម្ម ឬជីវភាពមួយល្អប្រសើររបស់អ្នកជំនួញ ក៏ដូចជាប្រជាពលរដ្ឋនោះដែរ។

តាមការបញ្ជាក់របស់លោក សុខ លូ អភិបាលខេត្តកំពង់ធំ និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនខេត្តកំពង់ធំបានឱ្យដឹងថា នៅក្នុងឆ្នាំ២០២០កន្លងទៅនេះ ដោយមានការយកចិត្តទុកដាក់ពីសម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន សមាគមអតីតយុទ្ធជនខេត្តបានខិតខំបំពេញភារកិច្ចក្នុងការបម្រើ និងដោះស្រាយរាល់បញ្ហារបស់សមាជិកអតីតយុទ្ធជនខេត្ត។

លោក សុខ លូ បានបញ្ជាក់ថា នៅឆ្នាំ២០២០នេះ សមាគមបានចុះបើកផ្តល់ប្រាក់បេឡាមរណសង្គ្រោះជូនសមាជិកសមាគមដែលទទួលមរណភាពបានទាន់ពេលវេលា និងទៅដល់លំនៅដ្ឋាននៃសពយ៉ាងយូរត្រឹមបុណ្យគម្រប់៧ថ្ងៃ ដោយមានការចូលរួមពីគ្រប់អង្គភាពពាក់ព័ន្ធ។ ឆ្នាំ២០២០កន្លងទៅនេះ ខេត្តមានសមាជិកទទួលមរណភាពសរុប៨៦នាក់ ហើយថវិកាសមាគមខេត្តអាចទ្រទ្រង់បានតែ ៤០សពប៉ុណ្ណោះ ចំពោះការខ្វះខាតថវិកាចំនួន ៤៦សពទៀត គឺសម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតបានជួយបំពេញបន្ថែម ដើម្បីអាចបើកផ្តល់ថវិកាជូនដល់សមាជិកសមាគមបានទាន់ពេលវេលា ដែលក្នុងមួយសពទទួលបាន ៤លានរៀល។

ក្នុងឆ្នាំ២០១៩ និង២០២០កន្លងទៅ សមាគមបានសាងសង់ផ្ទះជូនអតីតយុទ្ធជនខេត្តមានចំនួនសរុប ១៩៦ខ្នង លើគម្រោងផែនការ ២១៣ខ្នង។

យោងតាមការធ្វើបច្ចុប្បន្នភា បានរកឃើញអតីតយុទ្ធជន មានដី និងមានផ្ទះស្នាក់នៅមិនសមរម្យចំនួន ១៧គ្រួសារ, អតីតយុទ្ធជន ពុំមានដី និងពុំមានផ្ទះចំនួន ១៥៣គ្រួសារ។ ក្នុងនោះអតីតយុទ្ធជនមានផ្ទះមិនសមរម្យនេះ លោកទេសរដ្ឋមន្ត្រី គន់ គីម បានកៀរគរសប្បុរសជនជួយសាងសង់ផ្ទះជូន។

ដោយឡែកអតីតយុទ្ធជន និងគ្រួសារដែលអត់ដីនិងអត់ផ្ទះចំនួន១៥៣គ្រួសារ លោកទេសរដ្ឋមន្ត្រីស្នើឱ្យអភិបាលខេត្តកំពង់ធំ ក្នុងនាមប្រធានកិត្តិយសសមាគមខេត្ត ត្រូវខិតខំដោះដោះស្រាយផលប៉ះពាល់នៅលើដីសម្បទានសង្គមកិច្ច ដើម្បីយកដីនោះមកចែកជូនអតីតយុទ្ធជនវិញ ដោយក្នុងមួយគ្រួសារអាចទទួលបានដីសម្រាប់លំនៅដ្ឋាន និងដីបង្ករបង្កើនផលចំនួន ១.៥ហិកតា។ ការចាប់ឆ្នោតចែកដីសម្បទានសង្គមកិច្ច ស្ថិតនៅក្នុងឃុំក្រយា ស្រុកសន្ទុក នឹងធ្វើឡើងនៅពេលខាងមុខនេះ៕