(ភ្នំពេញ)៖ លោកស្រី ទេវ្យានី ខូប្រាហ្គាដេ (Devyani Khobragade) ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅប្រទេសកម្ពុជា បានថ្លែងថា លោកស្រីជឿជាក់ថា ឥណ្ឌានឹងអាចផ្តល់វ៉ាក់សាំងមួយចំនួនដល់កម្ពុជា ដើម្បីផ្សារភ្ជាប់ចំណងមិត្តភាពកាន់តែរឹងមាំថែមទៀត រវាងប្រទេសទាំងពីរ។
លោកស្រី ទេវ្យានី ខូប្រាហ្គាដេ បានថ្លែងបញ្ជាក់យ៉ាងដូច្នេះ នាល្ងាចថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ ក្នុងឱកាសដែលស្ថានទូតឥណ្ឌាប្រចាំកម្ពុជា រៀបចំពិធីអបអរសាទរ ទិវាសាធារណរដ្ឋឥណ្ឌា ខួបលើកទី៧២ ដែលបានរៀបចំឡើងនៅនៅសណ្ឋាគារ Raffles Le Royal រាជធានីភ្នំពេញ ក្រោមអធិបតីភាព លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដោយមានការចូលរួមពីមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ជាច្រើនរូបផងដែរ។
លោកស្រី ទេវ្យានី ខូប្រាហ្គាដេ បានយ៉ាងដូចនេះថា «ខ្ញុំបានពាំនាំសំណូមពររបស់ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន សុំជំនួយវ៉ាក់សាំងឥណ្ឌាជូនដល់កម្ពុជា ទៅថ្នាក់ដឹកនាំរបស់ខ្ញុំ។ វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដែលផលិតនៅប្រទេសឥណ្ឌា បានដឹកជញ្ជូនទៅឲ្យទៅប្រទេសជិតខាងរបស់ឥណ្ឌា មួយចំនួនដូចជា មីយ៉ាន់ម៉ា ប៊ូតាន ស្រីលង្កា នេប៉ាល់ បង់ក្លាដែសជាដើម។ ដើម្បីផ្សាភ្ជាប់ចំណងមិត្តភាពជាមួយកម្ពុជា ខ្ញុំជឿជាក់ថា យើងនឹងអាចផ្តល់វ៉ាក់សាំងមួយចំនួនដល់កម្ពុជា»។
លោកស្រីបានបន្ថែមថា ទោះយ៉ាងណាក៏ដោយ ការឈានមកដល់ឆ្នាំ២០២១ បាននាំមកនូវក្តីសង្ឃឹមដល់យើងទាំងអស់គ្នា ក្នុងការទទួលបានវ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ១៩។ ប្រទេសឥណ្ឌាផលិតវ៉ាក់សាំងបានជាង៦០% នៃពិភពលោក។ ឥណ្ឌា បានដើរតួជាឱសថស្ថាននៃពិភពលោកយ៉ាងពិតប្រាកដ ហើយនេះបានបង្ហាញនូវសារសំខាន់ របស់ឥណ្ឌាដល់ពិភពលោក នៅក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ១៩។
ប្រទេសកម្ពុជា និងឥណ្ឌា បានចែករំលែកការភ្ជាប់ទំនាក់ទំនងជាប្រវត្តិសាស្ត្រយ៉ាងជិតស្និទ្ធអស់រយៈពេល ២០០០ឆ្នាំកន្លងមក ហើយចំណងទាក់ទងនៃវប្បធម៌ អរិយធម៌ ពាណិជ្ជកម្ម អាពាហ៍ពិពាហ៍ និងទំនាក់ទំនងឈាមជ័រចាប់តាំងពីរាប់ពាន់ឆ្នាំមក។ ភាសាឥណ្ឌា សិល្បៈ ស្ថាបត្យកម្ម វាយនភណ្ឌ សម្លៀកបំពាក់ ម្ហូបអាហារ ត្រូវបានកែប្រែ និងសំយោគនៅក្នុងសង្គមខ្មែរហើយការផ្លាស់ប្តូរឥណ្ឌានេះ អាចត្រូវបានគេមើលឃើញនៅគ្រប់ដំណើរជីវិតប្រចាំថ្ងៃ។
លោកស្រី បានបញ្ជាក់ទៀតថា ឥណ្ឌាក៏បានគាំទ្រប្រទេសកម្ពុជា ដោយបានផ្តល់ជំនួយមនុស្សធម៌នៅពេលមានវិបត្តិ។ ការផ្តល់ជំនួយមនុស្សធម៌តាមរយៈនាវារបស់ឥណ្ឌា INS-Kiltan ដែលបានបញ្ជូនសម្ភារៈសង្គ្រោះគ្រោះទឹកជំនន់ សម្រាប់បណ្តាខេត្តដែលរងផលប៉ះពាល់ដោយទឹកជំនន់ក្នុងអំឡុងខែតុលាដល់ខែវិច្ឆិកា ឆ្នាំ២០២០។ ឆ្លងកាត់រយៈពេលដ៏លំបាកនេះឥណ្ឌា បានឈរនៅជាមួយប្រទេសកម្ពុជា ហើយបានប្តេជ្ញាចិត្តជាថ្មីក្នុងការធ្វើការជាមួយប្រទេសកម្ពុជាសម្រាប់ការងើបឡើងវិញ នៃសេដ្ឋកិច្ច និងការរីកចម្រើនយ៉ាងឆាប់រហ័សសម្រាប់ភាគីទាំងពីរ។
នៅក្នុងជំនួបពិភាក្សាជាមួយអគ្គរដ្ឋទូតឥណ្ឌា កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានស្នើសុំជំនួយវ៉ាក់សាំងចាក់ការពាជំងឺកូវីដ១៩ ពីប្រទេសឥណ្ឌា។
មុននឹងមានការស្នើសុំនេះ រដ្ឋាភិបាលចិន បានសម្រេចផ្តល់វ៉ាក់សាំង១លានដូស ដល់កម្ពុជា។ ទោះជាយ៉ាងនេះក្តី សម្ដេចតេជោ ហ៊ុន សែន បានប្រកាសផងដែរថា កម្ពុជាកំពុងពិចារណា ស្នើសុំ និងទិញវ៉ាក់សាំងកូវីដ១៩ ពីប្រទេសកូរ៉េខាងត្បូង និងប្រទេសអង់គ្លេសផងដែរ៕