(កំពង់ឆ្នាំង)៖ យ៉ាងហោចណាស់ មានបុរសម្នាក់បានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ និងមនុស្សប្រុសស្រីក្មេងចាស់៣នាក់ទៀត បានរងរបួសក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចណ៍ ពីរកណីផ្សេងគ្នា លើទឹកដីស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

គ្រោះថ្នាក់ចរាចរណ៍ទី១ រថយន្តហ៊ីយ៉ាន់ដាយចំណុះ១តោនកន្លះ បើកបុកម៉ូតូបណ្ដាលឲ្យបុរសម្នាក់ស្លាប់បាត់បង់ជីវិត រួចព្យាយាមបើករត់គេច តែត្រូវរេចង្កូតក្រឡាប់ផ្ងាជើងខ្លួនឯង។

អធិការរងនគរបាលស្រុករលាប្អៀរ ទទួលផ្នែកចរាចរណ៍ លោកអនុសេនីយ៍ឯក សៀង រុន បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅវេលាម៉ោង៨៖១០នាទីយប់ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៦ នៅខាងមុខផ្ទះឈ្មោះ ជូ រ៉េន ចន្លោះគីឡូម៉ែត្រលេខ៨៣ និងលេខ៨៤ ក្នុងភូមិជ្រៃបាក់ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

លោក សៀង រុន បន្តថារថយន្តហ៊ីយ៉ាន់ដាយ ពណ៍ខៀវពាក់ស្លាកលេខ សៀមរាប 2A-5451 បើកបរទឹសដៅកំពង់ឆ្នាំងទៅភ្នំពេញ ដល់កន្លែងកើតបានបុកម៉ូតូពេញមួយទំហឹង បណ្ដាលឲ្យបុរសអ្នកជិះម៉ូតូឈ្មោះ ព្រំ វុទ្ធី ភេទប្រុសអាយុ៤៤ឆ្នាំ ជាមន្ត្រីយោធារស់នៅភូមិឃុំកើតហេតុ បានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ អ្នកបើកបររថយន្ត ខណៈឃើញដូច្នេះបានបន្ថែមល្បឿន បើកព្យាយានរត់គេច ចម្ងាយប្រមាណ១០គីឡូម៉ែត្រ ពីកន្លែងកើតហេតុទៅក្រឡាប់ខ្លួនឯង ផ្ងាជើងនៅភូមិក្បាលថ្នល់ឃុំសែប។

អ្នកបើកបរឈ្មោះ ថៃ ឆាយគី ភេទប្រុសរស់នៅភូមិទី៣ សង្កាត់ទួលទំពូង២ ខណ្ឌចំការមនភ្នំពេញ និងម្នាក់ទៀតជាកម្មករឈ្មោះ ឡាវ សារៀង ភេទប្រុសអាយុ៣៣ឆ្នាំ ទីលំនៅបច្ចុប្បន្ន ខេត្តតាកែវ ត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួន។

ដោយឡែកករណីគ្រោះថ្នាក់ចរាចរណ៍ទី២ កើតឡើងនៅវេលាម៉ោង៩៖៣០នាទីយប់ ថ្ងៃទី២២ខែកុម្ភៈ ឆ្នាំ២០១៦ ដោយរឺម៉ក ដឹកផ្លែឪឡឹកបុករថយន្តក្រុងពីក្រោយ នៅចំណុចទំនាប ក្នុងឃុំអណ្ដូងស្នាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

ហេតុការណ៍នេះ បណ្ដាលឲ្យអ្នកបើកបរម៉ូតូអូសរ៉ឺម៉កជាឪពុក និងកូនៗប្រុសស្រី២នាក់រងបួសធ្ងន់ និងស្រាល ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ ដឹកយកទៅសង្គ្រោះព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង។ ចំណែករថយន្តក្រុងបន្តដំណើរ ទៅបាត់ស្រមោល៕