(ភ្នំពេញ)៖ អភិបាលខណ្ឌឫស្សីកែវ លោក ជា ពិសី និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ «ប័ណ្ណកម្មសិទ្ធិ» គឺផ្ដល់សារប្រយោជន៍ធំធេង២យ៉ាង ដែលអាចជួយផ្ដល់លទ្ធភាពជូនប្រជាពលរដ្ឋ និងរដ្ឋផងដែរ។

ការលើកឡើងរបស់អភិបាលខណ្ឌឫស្សីកែវ និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា គឺធ្វើឡើងនៅក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ «ប័ណ្ណកម្មសិទ្ធិ» ជូនប្រជាពលរដ្ឋ ស្ថិតនៅក្នុងភូមិកោះអណ្ដែត ភូមិពោងពាយ និងភូមិបឹងរាំង សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ នាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១នេះ។

លោក ជា ពិសី បានគូសបញ្ជាក់ថា វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ «ប័ណ្ណកម្មសិទ្ធិ» ទី១-គឺផ្ដល់សារៈប្រយោជន៍ដល់រដ្ឋ ក្នុងការគ្រប់គ្រងដីធ្លី និងរៀបចំឲ្យមានសណ្ដាប់ធ្នាប់ល្អប្រសើរ គឺអាចសម្រួលដល់ការធ្វើផែនការ ប្រើប្រាស់ដីធ្លីបានសមស្រប។ ម្យ៉ាងទៀតការគ្រប់គ្រងដីធ្លីបានល្អប្រសើរជាមូលដ្ឋានឲ្យរដ្ឋគិតគូរ ប្រមូលចំណញលថវិកាជាតិ និងផ្ដល់លក្ខណៈងាយស្រួលក្នុងការជំរុញកិច្ចការវិនិយោគលើកស្ទួយសេដ្ឋកិច្ចជាតិ ឈានឡើងសំបូរសប្បាយជូនប្រជាជាតិ និងប្រជាពលរដ្ឋកម្ពុជា។

លោក ជា ពិសី បានគូសបញ្ជាក់ទៀតថា វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ «ប័ណ្ណកម្មសិទ្ធិ» ទី២-គឺផ្ដល់ជូនប្រជាពលរដ្ឋនូវភាពកក់ក្ដៅ សុវត្ថិភាពដីធ្លី និងសិទ្ធិកាន់កាប់ដីធ្លីពេញលេញ សម្រាប់ធ្វើជាវត្ថុតាងកាន់កាប់ដីធ្លីរបស់ខ្លួន និងអាចចៀសវាងនូវការរំលោភបំពានលើដីធ្លី។ លើសពីនេះ វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ «ប័ណ្ណកម្មសិទ្ធិ» អាចផ្ដល់លទ្ធភាពដល់បង-ប្អូនប្រជាពលរដ្ឋ ដើម្បីយកទៅដាក់ក្នុងការខ្ចីលុយពីធនាគារ មកមកប្រកបរបរធ្វើអាជីវកម្មផ្សេងៗ៕