(ភ្នំពេញ)៖ លោក វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងឲ្យដឹងថា ការប្រើប្រាស់ប្រាក់ដុល្លារ បានធ្វើឲ្យរាជរដ្ឋាភិបាលកម្ពុជា ជួបការលំបាកក្នុងការប្រើប្រាស់គោលនយោបាយរូបិយវត្ថុ សម្រាប់គ្រប់គ្រងសេដ្ឋកិច្ច ដូច្នេះ ការប្រើប្រាស់គោលនយោបាយសារពើពន្ធ នៅតែចាំបាច់។

លោកបន្តថា ក្នុងរយៈពេលវែង កម្ពុជាត្រូវតែគិតគូរ អំពីការធ្វើបដិដុល្លារូបនីយកម្ម ដោយមិនត្រូវរំពឹងលើប្រាក់ដុល្លារ ក្នុងវិស័យសេដ្ឋកិច្ចនោះទេ។

ការថ្លែងយ៉ាងដូច្នេះរបស់លោក វង្សី វិស្សុត ធ្វើឡើងក្នុងវេទិកាសាធារណៈ ស្តីពីគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ នៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១នេះ។

លោករដ្ឋមន្ត្រីប្រតិភូបានថ្លែងយ៉ាងដូច្នេះថា «ការគិតធ្វើបដិដុល្លារូបនីយកម្ម ក៏ត្រូវគិតដែរក្នុងរយៈពេលវែងមួយ សេដ្ឋកិច្ចយើងមិនអាចពឹងដុល្លាររហូតទេ នេះជាចក្ខុវិស័យវែងឆ្ងាយ ដុល្លារក៏មានហានិភ័យដែរពីមួយឆ្នាំទៅមួយឆ្នាំ។ សព្វថ្ងៃដុល្លាររស់ដោយសារសេដ្ឋកិច្ចអាមេរិក ឈរនៅលំដាប់ទី១ នៅលើពិភពលោក»

លោករដ្ឋមន្ត្រីបន្តថា ដោយសារតែគោលនយោបាយសារពើពន្ធ នៅតែសំខាន់ក្នុងវិស័យសេដ្ឋកិច្ចកម្ពុជានោះ ដូច្នេះការប្រមូលចំណូលពន្ធ ត្រូវធ្វើក្នុងកម្រិតមួយ ដែលមិនប៉ះពាល់ដល់សេដ្ឋកិច្ច តែជួយរុញកំណើនសេដ្ឋកិច្ច ត្រូវតែធ្វើឲ្យបានល្អ៕