(ភ្នំពេញ)៖ លោក វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានគូសបញ្ជាក់ថា កម្ពុជា នឹងក្លាយជាកន្លែងសុវត្ថិភាព សម្រាប់អ្នកវិនិយោគ ពេលដែលវ៉ាក់សាំងកូវីដ-១៩ ត្រូវបានចាក់ជូនប្រជាជន។

បើតាមលោក វង្សី វិស្សុត បានអះអាងថា វ៉ាក់សាំងកូវីដ-១៩ នឹងត្រូវមកដល់ប្រទេសកម្ពុជា នៅក្នុងកំឡុងខែកុម្ភៈ និងមីនា ហើយចាក់ជូនប្រជាជន ឲ្យបានយ៉ាងតិច១០លាននាក់ ដោយផ្អែកលើគោលការណ៍ ចាក់ដោយឥតគិតថ្លៃ និងការស្ម័គ្រចិត្ដ។

មន្ដ្រីជាន់ខ្ពស់នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់ទៀតថា បើសិនជាកម្ពុជា បានទិញនូវវ៉ាក់សាំងគ្រប់ចំនួនដែលត្រូវការនោះ ប្រហែលជាចុងឆ្នាំនេះ នឹងបញ្ចប់ការចាក់វ៉ាក់សាំងកូវីដ-១៩។

ក្នុងវេទិកាសាធារណៈ ស្តីពីគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ នាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១នេះ លោក វង្សី វិស្សុត បានគូសបញ្ជាក់ថា ប្រទេសកម្ពុជា នឹងក្លាយជាកន្លែងទាក់ទាញវិនិយោគមួយធំ កាលណាដែលទប់ស្កាត់នូវជំងឺកូវីដ-១៩ បានល្អ។

លោក វង្សី វិស្សុត បានបញ្ជាក់យ៉ាងដូច្នេះថា «កាលណាយើង ទប់ស្កាត់ជំងឺបានល្អ យើងមានស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច ស្ថេរភាពសង្គម [...] បរិយាកាសវិនិយោគ យើងកាន់តែល្អ ដែលឆ្លុះបញ្ចាំងពីភាពរឹងមាំរបស់យើង រយៈពេលវែង ទោះបីជាមានវិបត្ដិអ្វីក៏ដោយ [...] កម្ពុជានឹងក្លាយជាកន្លែងទាក់ទាញវិនិយោគមួយធំ»

លោកបន្ដថា រឿងទិញវ៉ាក់សាំង ទី១៖ ដោះស្រាយបញ្ហាជីវិតប្រជាជន ទប់ស្កាត់ជំងឺកូវីដ-១៩ និងទី២៖ ដោះស្រាយបញ្ហាសេដ្ឋកិច្ចងើបឡើងវិញ ជាពិសេសការទាក់ទាញការវិនិយោគ ដោយសារតែគេឃើញថា កម្ពុជាជាតំបន់មួយ ដែលមានសុវត្ថិភាពខាងផ្នែកជំងឺនេះ។

មន្ដ្រីជាន់ខ្ពស់រូបនេះ បានអះអាងថា ទំនិញវ៉ាកសាំង សម្រាប់កម្ពុជា ជាទំនិញយុទ្ធសាស្ដ្រ ទាំងសម្រាប់សុខភាពប្រជាជន និងសេដ្ឋកិច្ច ដូច្នេះ កម្ពុជាត្រូវដោះស្រាយឲ្យបានឆាប់ និងឲ្យបានមានប្រសិទ្ធភាព។

ពាក់ព័ន្ធនឹងរឿង ទិញវ៉ាក់សាំងកូវីដ-១៩ ត្រូវបានលោក វង្សី វិស្សុត បានបញ្ជាក់ឲ្យដឹងថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានត្រៀមរួចជាស្រេច ក្នុងទិញវ៉ាក់សាំងកូវីដ១៩ ចាក់ជូនប្រជាជន ដោយសម្ដេចតេជោ ជាមេដឹកនាំដែលមានចក្ខុវិស័យវែងឆ្ងាយ។

ជាមួយគ្នានេះ មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ចរូបនេះបានឲ្យដឹងផងដែរថា កម្ពុជានឹងទទួលបានវ៉ាក់សាំង ប្រឆាំងជំងឺកូវីដ១៩ រហូតដល់ទៅ២០លានដូស សម្រាប់ចាក់ជូនប្រជាពលរដ្ឋកម្ពុជា ក្នុងនោះ១១លានដូស ជាជំនួយរបស់ប្រទេសជាមិត្ត និងអង្គការដៃគូ។

លោក វង្ស៉ី វិស្សុត បានអះអាងទៀតថា ប្រភពវ៉ាក់សាំង ដំណាក់កាលដំបូងនេះ តាមយន្តការកូវ៉ាក់ ៧លានដូស, ១លានដូស ជាជំនួយរបស់ចិន ដែលដឹកមកដល់ខែកុម្ភៈ និង ៣លានដូស ជាជំនួយរបស់អូស្ត្រាលី។

ដោយឡែក ៩លានដូសទៀត បើតាមលោក វង្សី វិស្សុត អាចទទួលបានតាមរយៈជំនួយរបស់ចិន ដែលចិនផ្តល់ថវិកាយកទៅទិញ, សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានស្នើជំនួយវ៉ាក់សាំងពីរុស្ស៉ី និងថវិកាសប្បុរសជន ដែលមានជាង ៥៧លានដុល្លារ។

គូសបញ្ជាក់ថា ជំនួយវ៉ាក់សាំងកូវីដ១៩ របស់ចិន ប្រមាណជា៣០ម៉ឺនដូស ក្នុងចំណោម១លានដូស នឹងត្រូវមកដល់ប្រទេសកម្ពុជា នៅក្នុងខែកុម្ភៈ ខាងមុខ។ សម្តេចតេជោ ហ៊ុន សែន បានប្រកាសទៅទទួលវ៉ាក់សាំងនេះ ដល់ព្រលានយន្តហោះ ហើយក៏នឹងចាក់វ៉ាក់សាំងនេះ មុនគេផងដែរ។

បើទោះបីជាយ៉ាងណា សម្តេចតេជោ បានប្រកាសហើយ ការចាក់វ៉ាក់សាំង នឹងធ្វើឡើងក្រោមគោលការណ៍ស្ម័គ្រចិត្ត មិនបង្ខិតបង្ខំនោះឡើយ៕