(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស លោក ហោ ណាំហុង នឹងអញ្ជើញទៅចូលរួមកិច្ចប្រជុំចង្អៀតថ្នាក់រដ្ឋមន្រ្តី ការបរទេសអាស៊ាន នៅប្រទេសឡាវ រយៈពេលពីរថ្ងៃនាចុងសប្តាហ៍នេះ។ នេះបើយោងតាមសេចក្តីជូនព័ត៌មាន របស់ក្រសួង ការបរទេសកម្ពុជា នាព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៦នេះ។

សេចក្តីជូនព័ត៌មានបានឲ្យដឹងថា កិច្ចប្រជុំចង្អៀត ដែលនឹងធ្វើឡើងនៅថ្ងៃទី២៦-២៧ ខែកុម្ភៈ នឹងពិភាក្សាអំពីការពង្រឹង សហគមន៍អាស៊ាន ដែលក្នុងនោះរួមមាន៖ ការអនុវត្តន៍ផែនការលំអិត នៃសហគមន៍សន្តិសុខ-នយោបាយអាស៊ាន២០២៥ ចក្ខុវិស័យសហគមន៍អាស៊ាន២០២៥ និងផែនការលំអិតរបស់សហគមន៍ទាំង៣ ទំនាក់ទំនងអន្តរជាតិ និងតួនាទីស្នូលរបស់ អាស៊ាននៅក្នុងនិម្មាបនកម្មតំបន់ ហើយក៏នឹងមានការផ្លាស់ប្តូរទស្សនៈអំពីបញ្ហាតំបន់ និងអន្តរជាតិ។

ប្រភពដដែលបន្តថា ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំនៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវនេះ ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង ក៏នឹងជួបពិភាក្សាទ្វេភាគីជាមួយ លោក វីវៀន បាឡាក់គ្រីសណាន់ រដ្ឋមន្រ្តីការបរទេសសឹង្ហបុរីផងដែរ៕