(ភ្នំពេញ)៖ អគ្គលេខាធិការ អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ចំនួន ៥រូប រួមនិងប្រធាន អនុប្រធាន នាយកដ្ឋាន លេខាធិការដ្ឋាន ការិយាល័យ និង លេខាធិការដ្ឋានរាជធានី ខេត្ត គ.ជ.ប ៣៥៧នាក់ទៀត ត្រូវបានប្រកាសចូលកាន់តំណែងជាផ្លូវការហើយនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ក្រោមអធិបតីភាពលោក ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប។

សូមបញ្ជាក់ថា គ.ជ.ប កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦កន្លងទៅ គ.ជ.ប បានសម្រេចជ្រើសរើសអគ្គលេខាធិការ និង អគ្គលេខា ធិការរងសរុបចំនួន ៥នាក់ ដើម្បីចូលបំពេញការងារនៅអគ្គលេខាធិការដ្ឋាន គ.ជ.ប អាណត្តិថ្មី។ ក្នុងនោះ តំណែងអគ្គលេខាធិការ បានទៅលើ លោក ទេព នីថា ដែលជាអគ្គលេខាធិការចាស់។ ចំណែកអគ្គលេខាធិការរងបានទៅលើ លោក ម៉ៅ សុភារិទ្ធ, លោក សោម សូរីដា, លោក នី ចរិយា និង លោក ម៉ុក ដារ៉ា។

នៅថ្ងៃនេះ ក្រៅពីប្រកាសសុពលភាពអគ្គលេខាធិការ និង អគ្គលេខាធិការរង ក៏មានការប្រកាសតែងតាំងប្រធាន អនុប្រធាននាយក ដ្ឋាន ប្រធានអនុប្រធានលេខាធិការដ្ឋាន នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប ប្រធាន អនុប្រធាន ការិយាល័យ និង ប្រធាន អនុប្រធានលេខាធិការដ្ឋានរាជធានី ខេត្ត រៀបចំការបោះឆ្នោត និង ផ្ទេរបញ្ចូលក្របខណ្ឌមន្រ្តី គ.ជ.ប ជាមន្រ្តីរាជការ នៃ គ.ជ.ប ផងដែរ៕