(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា អាចនឹងទុកឲ្យនាយឧត្តមសេនីយ៍  ជួន សុវណ្ណ បន្តការងាររបស់ខ្លួនទៅមុខទៀត រហូតដល់ពេលកំណត់ណាមួយ។ ការថ្លែងបញ្ជាក់របស់សម្តេចក្រឡាហោម បានធ្វើ ឡើង បន្ទាប់ពីលោក ជួន សុវណ្ណ ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់ដំឡើងឋានន្ត រស័ក្តិពីផ្កាយ៣ ទៅផ្កាយ ៤ និងស្របពេលមាន ការលិចឮមួយចំនួនថា លោក ជួន សុវណ្ណ នឹងត្រូវប្តូរតំណែងចេញពីស្នងការនគរ បាលរាជធានីភ្នំពេញផងដែរ។

សម្តេចក្រឡាហោម ស ខេង បានថ្លែងប្រាប់អ្នកព័ត៌មានពេលចេញពីសន្និបាតបូកសរុបលទ្ធផលការងាររបស់ក្រសួងមហាផ្ទៃនាព្រឹក ថ្ងៃទី២៣ ខែកុម្ភៈ នេះយ៉ាងដូច្នេះថា តំណែង តួនាទី និងឋានន្តរស័ក្តិមិនពាក់ព័ន្ធគ្នានោះឡើយ។ «ឋានៈ នាទី និងឋានន្តរស័ក្តិវាអត់ ស៊ីគ្នាទេ បានន័យថា យោងតាមស្មារតីនេះ យើងអាចឲ្យស័ក្តិបាន។ មិនមែនបានន័យថា ស្នងការត្រូវតែស័ក្តិប៉ុណ្ណេះ ស័ក្តិ ប៉ុណ្ណោះទេ  អាហ្នឹងអត់មានកំណត់ទេ ចឹងខ្ញុំគិតថា ក្នុងនាមខ្ញុំជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ប្រហែលប្រគល់ឲ្យគាត់ទទួលការងារហ្នឹងបន្តទៀតរហូត ដល់រយៈពេលណាមួយជាកំណត់»

លោក ជួន សុវណ្ណ កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ត្រូវបានព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ  នរោត្តម សីហមុនី ត្រាស់បង្គាប់ដំឡើងឋានន្តរស័ក្តិពីឧត្តមសេនីយ៍ឯក (ផ្កាយ៣) ទៅជានាយឧត្តមសេនីយ៍ (ផ្កាយ៤)។ លោក ជួន  សុវណ្ណ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ប្រកាសតែងតាំងជាស្នងការនគរបាលរាជធានីភ្នំពេញ កាលពីចុងឆ្នាំ២០១២។ ក្រៅពីតំណែងជា ស្នងការនគរបាលរាជធានីភ្នំពេញ លោកក៏មានតួនាទីជាអគ្គស្នងការរង នៃអគ្គស្នងការដ្ឋាននគរបាលជាតិផងដែរ៕