(ភ្នំពេញ)៖ វិរៈសិល្បករចម្រៀងអាយ៉ៃ និងកំប្លែង ដ៏ល្បីល្បាញ លោក ព្រហ្ម ម៉ាញ កាលពីម៉ោងជាង១០យប់ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ត្រូវបានភ្នាក់ងារព័ត៌មាន រាយការណ៍មកថា តារាចម្រៀង​អាយ៉ៃល្បីរូបនេះ បានបើករថយន្តស៊េរីទំនើប មួយគ្រឿងម៉ាក Audi ទៅបុកពីក្រោយនឹងម៉ូតូសណ្ដោងរ៉ឺម៉ក នៅចំណុច ក្បែរផ្សារទួលពង្រ ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ប៉ុន្តែមិនបណ្ដាលឲ្យម្ចាស់ម៉ូតូ រងរបួសនោះទេ ពោលគ្រាន់តែខូចខាតរ៉ឺម៉កម៉ូតូ ហើយបានជជែកគ្នាបន្តិច រួច តារាចម្រៀង ព្រហ្ម ម៉ាញ ក៏បានសម្រួលសងសំណងខ្លះ ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ ព្រោះខ្លាចខ្មាសគេ ។

ប្រភពព័ត៌មានពីមន្រ្តីនគរបាល ខណ្ឌពោធិ៍សែនជ័យ ប្រាប់ Fresh News ឲ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់ចរាចរ តារាចម្រៀងអាយ៉ៃ លោក ព្រហ្ម ម៉ាញ បើករថយន្តបុករ៉ឺម៉កនេះ  ពិតជាមានកើតឡើងនៅក្បែរ ផ្សារទួលពង្រមែន ហើយសមត្ថកិច្ចបានទៅដល់កន្លែងកើតហេតុ ដោយភាគីទាំងសងខាង បានសម្របសម្រួលគ្នានៅនឹងកន្លែងតែម្ដង ព្រោះខាងភាគីអ្នកបើករ៉ឺម៉ក ក៏ទទួលស្គាល់ថា ខ្លួនជាអ្នកខុសដែរ ក្នុងហេតុការណ៍នេះ ហើយក៏មិនមានរបួសអ្វីធ្ងន់ធ្ងរ ក៏សម្រួលបញ្ចប់តែម្ដងទៅ ។

ប្រភពដដែលបន្តថា ដោយសារតែតារាចម្រៀងអាយ៉ៃ លោក ព្រហ្ម ម៉ាញ មានចិត្តអាណិតជនរងគ្រោះ និងមិនចង់ជជែងវែកញែកច្រើន ក៏បានផ្ដល់ជាសំណងខ្លះៗ ដើម្បីបញ្ចប់រឿង ហើយកូនរបស់ជនរងគ្រោះ ភាគីខាងរ៉ឺម៉កក៏៏ទទួលយក និងពុំមានអ្វីឲ្យវែងឆ្ងាយទៀតដែរ ៕

 

Posted by Sheet on Monday, February 22, 2016