(ភ្នំពេញ)៖ នៅថ្ងៃព្រហស្បត្តិ៍ ១៥កើត ខែមាឃ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែមករា គ្រិស្តរាជ ២០២១នេះ គឺជាថ្ងៃដ៏ពិសេសមួយសម្រាប់ពុទ្ធសាសនា នោះគឺថ្ងៃបុណ្យមាឃបូជា។ នៅរសៀលថ្ងៃបុណ្យមាឃបូជានេះ គេសង្កេតឃើញប្រជាពលរដ្ឋកម្ពុជា ដែលជាពុទ្ធសាសនិក បានម្នីម្នានាំគ្នាទៅវត្តអារាមនានា ដែលនៅជិតផ្ទះរបស់ពួកគេ ដើម្បីយកផ្កាទៅបូជាព្រះពុទ្ធរូប ប្រគេនទេយ្យទានចំពោះព្រះសង្ឈ និងដើម្បីស្តាប់ព្រះសង្ឈទេសនា ផ្តល់ឱវាទ និងចែកចាយព្រះធម៌នានាផងដែរ។

ព្រះសង្ឈ និងពុទ្ធបរិស័ទ បានអះអាងស្រដៀងគ្នាថា ការសម្អាតចិត្ត និងតាំងចិត្តឲ្យស្ងប់ ដើម្បីស្តាប់ព្រះធម៌ នាំមកនូវសេចក្តីសុខ។ សេចក្តីសុខនោះ បានទាំងផ្លូវកាយ និងផ្លូវចិត្តទៀតផង។

ព្រះតេជគុណ កាត ចិន្តា ជាព្រះសង្ឈគង់នៅវត្តសន្សំកុសល បានមានសង្ឈដីកាថា ពិតណាស់ហើយ ព្រះធម៌បានរួមចំណែកយ៉ាងច្រើនជួយដល់សន្តិសុខនៅក្នុងសង្គមជាតិ មិនថាតិច ឬច្រើនឡើយ។ ព្រះអង្គបន្តថា អ្នកដែលមានធម៌នៅក្នុងខ្លួន តែងតែធ្វើអ្វីសង្រួមដោយមិនយកទោសៈជាត្រីមុខឡើយ ហើយប្រការនេះនាំឲ្យពួកគេបានសេចក្តីសុខផ្នែកផ្លូវចិត្តយ៉ាងប្រាកដ។

«អ្នកដែលគ្មានព្រះធម៌នៅក្នុងខ្លួន ភាគច្រើនតែងតែចិត្តឆេវឆាវក្រេវក្រោធ និងអារម្មណ៍មិនល្អ ហើយជាពិសេសនោះ ពេលមានអ្វីទាស់ចិត្តបន្តិច ក៏យកទោសៈមកធ្វើជាត្រីមុខ។ ការធ្វើបែបនេះ ក៏ទៅរករឿងអ្នកដទៃ បង្កជាជម្លោះផ្សេងៗ ដែលធ្វើឲ្យផ្នែកផ្លូវកាយជួបទុក្ខផងដែរ»។ ព្រះតេជគុណ កាត ចិន្តា មានសង្ឈដីកាបន្ថែម។

មានសង្ឈដីកាបណ្តើរ ធ្វើកាយវិការពន្យល់ព្រះធម៌បណ្តើរ, ព្រះតេជគុណបន្តទៀតថា ពុទ្ធសាសនិកខ្មែរ ដែលមានភេទជាប្រុស គួរតែមួយជីវិតបានបួសម្តង ដើម្បីដុសខាត់ចិត្តគំនិតឲ្យបានស្អាតល្អ ដែលជាមាគ៌ានាំទៅរកសេចក្តីសុខនៅថ្ងៃអនាគត។ ព្រះអង្គផ្តាំថា បើធ្វើអ្វីៗគេគួរគប្បីគិតឲ្យល្អជាមុនសិន ដើម្បីសកម្មភាពនោះបង្កឡើង មិនប៉ះពាល់ដល់អ្នកដទៃ ដែលជាហេតុនាំឲ្យខ្លួនរស់នៅក្នុងសង្គមដោយសន្តិភាព។

ជាមួយគ្នានេះ លោក គឹមហ៊ាង ជំនួយការផ្នែកច្បាប់ បានលើកឡើងថា លោកបានសង្កេតឃើញច្បាប់របស់សង្គម មានលក្ខណៈប្រហាក់ប្រហែលទៅនឹងសីល ៥ ដែលត្រូវបានចែងដោយព្រះពុទ្ធទៀតផង។ លោកយល់ថា បើសិនជាមនុស្សគ្រប់គ្នាមានសីល ៥ នៅក្នុងខ្លួននោះ ពួកគេអាចនឹងមិនត្រូវបានច្បាប់សង្គម ធ្វើទុក្ខបុកម្នេញនោះទេ ព្រោះការមានសីល ៥ នៅក្នុងខ្លួន នាំឲ្យមនុស្សមិនប្រព្រឹត្តបទល្មើសឡើយ។

ពេលផ្តល់បទសម្ភាសនៅឯវត្តសន្សំកុសល លោកបន្ថែមថា លោកតែងតែមកវត្តអារាមស្តាប់ព្រះសង្ឈចែកចាយព្រះធម៌ជាប្រចាំ ជាពិសេសថ្ងៃសីល ព្រោះលោកយល់ថា ពេលបានស្តាប់ព្រះធម៌ គឺក្នុងចិត្តមិនដែលគិតអ្វីផ្តេសផ្តាសទេ ពោលមានតែការខិតខំសម្អាតចិត្ត និងបំភ្លេចរឿងទុក្ខសោកគ្រប់យ៉ាង។ ចំពោះការណ៍ដែលលោកមកវត្តអារាម នៅថ្ងៃមាឃបូជានេះ ព្រោះលោកជាអ្នកគោរពប្រតិបត្តិតាមពុទ្ធសាសនា ហើយការគោរពព្រះពុទ្ធញ៉ាំងឲ្យលោកសប្បាយរីករាយជានិច្ច។

ក្រោយពីថ្វាយផ្កាឈូកចំពោះព្រះពុទ្ធរូប និងប្រគេនទេយ្យទានចំពោះព្រះសង្ឈរូចនោះ លោក គឹមហ៊ាង និយាយទៀតថា «ព្រះធម៌ជួយបានច្រើនណាស់! ខ្ញុំតែងតែស្តាប់ព្រះធម៌ ដើម្បីហ្វឹកហាត់ចិត្ត កុំឲ្យមានទោសៈ និងដើម្បីរកសេចក្តីសុខនៅក្នុងខ្លួន»។

ទន្ទឹមនឹងនោះដែរ កញ្ញា ដាលីន ជាមេធាវីកម្មសិក្សាមួយរូប បានបង្ហាញពីឆន្ទៈចង់ឃើញប្រជាពលរដ្ឋគោរពប្រតិបត្តិតាមព្រះពុទ្ធសាសនា និងឈ្វេងយល់ពីព្រះធម៌ឲ្យបានល្អផងដែរ ដែលនេះកញ្ញាអះអាងថា ខ្លឹមសាររបស់ព្រះធម៌ គឺមានគោលដៅអប់រំមនុស្ស ឲ្យប្រព្រឹត្តអំពើល្អ។

កញ្ញា ដាលីន ក៏ជាអ្នកចូលចិត្តស្តាប់ព្រះធម៌ផងនោះ ក៏គាំទ្រចំពោះការមានសង្ឈដីការបស់ព្រះតេជគុណ កាត ចិន្តា ផងដែរ។ កញ្ញាបន្ថែមថា ធម្មតាជាមនុស្សស្រី តែងតែចង់ជួបប្រទះបុរស ដែលដឹងខុសត្រូវ ដឹងសខ្មៅ និងអាក្រក់ល្អជាដើម ព្រោះការជួបបុរសបែបនេះ ដូចបានធ្វើបុណ្យច្រើនវត្តអញ្ចឹង។

សម្រាប់ថ្ងៃបុណ្យមាឃបូជានេះទៀតសោត កញ្ញានិយាយថា «ខ្ញុំបានសម្អាតចិត្តយ៉ាងល្អ ព្រោះថាយ៉ាងហោចណាស់ ក៏ជួយឲ្យខ្ញុំមានក្តីសុខផ្លូវចិត្ត មួយពេលៗបានដែរ»។

សូមបញ្ជាក់ថា យោងតាមរដ្ឋធម្មនុញ្ញកម្ពុជា ឆ្នាំ១៩៩៣ ចែងមកថា ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ។ ក្នុងន័យនេះ មានប្រជាពលរដ្ឋកម្ពុជា សឹងពេញមួយប្រទេស ជឿលើព្រះពុទ្ធសាសនា។

ចំពោះមូលហេតុ ដែលព្រះពុទ្ធសាសនាក្លាយជាសាសនារបស់រដ្ឋ មានមតិចំនួន ៦ ត្រូវបានលើកឡើងដូចខាងក្រោមនេះ រួមមាន៖

* ជាង ៩០% នៃប្រជាជនខ្មែរទាំងអស់ប្រកាន់ភ្ជាប់និងគោរពចំពោះព្រះពុទ្ធសាសនា ហើយ តែងស្ថិតនៅក្នុងក្រអៅបេះដូងយូរលង់ណាស់មកហើយ។
* ជាវិទ្យាស្យង់ ដែលបណ្ដុះបណ្ដាលស្មារតីអប់រំទាំងផ្លូវកាយ និងចិត្ត ដល់ប្រជាជនខ្មែរ ដើម្បីទទួលនូវសុខពិតប្រាកដក្នុងជីវភាពប្រចាំថ្ងៃ។
* បង្ការជម្លោះសាសនានៅក្នុងប្រទេស ទើបកំណត់យកព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ។ ដូចនេះហើយក៏បង្ហាញពីភាតរភាពនៃសាសនាផងដែរ គឺ ជាតិ សាសនា ព្រះមហាក្សត្រ ដល់បច្ចុប្បន្ន ។
* បង្រួបបង្រួមនយោបាយជាតិប្រកបដោយសីលធម៌ គុណធម៌ និងគតិបណ្ឌិតក្នុងសង្គម ស្រមតាមគន្លងព្រះបាទជ័យវរ្ម័នទី ៧។
* ចូលរួមចំណែកលើគ្រប់វិស័យ ក្នុងសង្គមដើម្បីឲ្យសង្គមសុខសន្តិភាព និងរីកចម្រើន។
* បង្ហាញពីប្រជាជនខ្មែរដែលតែងតែប្រារពពីធីបុណ្យផ្សេងៗ ដែលទាក់ទងទៅនឹងព្រះពុទ្ធសាសនា នៅតាមទីវត្តអារាម ដែលជាជម្រកនូវចំណេះដឹង (ស្គាល់ខុសត្រូវបុណ្យ បាប) និងជាឃ្លាំងរក្សាទុកនូវប្រពៃណី និងទំនៀមទម្លាប់ផ្សេងៗ៕