(ភ្នំពេញ)៖ បន្ទាប់ពីសវនាការបានដំណើររយៈពេលពេញមួយព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១នេះ សាលាដំបូងរាជធានីភ្នំពេញ នឹងបន្តសវនាការជំនុំជម្រះលើសំណុំរឿង «ឧបឃាត» របស់ជនជាប់ចោទ០៩នាក់ ជាអតីតថ្នាក់ដឹកនាំ នៃអតីតគណបក្សសង្រ្គោះជាតិ ដែលក្នុងនោះមាន លោក សម រង្ស៉ី មេចលនាឧទ្ទាមក្រៅច្បាប់ផងដែរ នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១ខាងមុខទៀត។ នេះបើតាមមន្ត្រីតុលាការ ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ។
លោក សម រង្ស៉ី និងបក្ខពួក៨នាក់ផ្សេងទៀត រួមមាន លោក អេង ឆៃអ៊ាង, លោកស្រី មួរ សុខហួរ, លោក អ៊ូ ច័ន្ទឬទិ្ធ, លោក ហូរ វ៉ាន់, លោកឡុង រី, លោក ម៉ែន សុថាវរិន្ទ្រ, លោកស្រី ជូឡុង សួមួរ៉ា និង លោក នុត រំដួលកាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៩ ត្រូវបានអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចោទប្រកាន់ពីបទ «ឧបឃាត» តាមមាត្រា៤៥១ នៃក្រមព្រហ្មទណ្ឌ ពាក់ព័ន្ធការប៉ុនប៉ងធ្វើរដ្ឋប្រហារ ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ក្រោមឧបាយកលជាផែនការនៃការវិលត្រឡប់ចូលប្រទេសកម្ពុជា អំឡុងព្រឹត្តិការណ៍ ៩ វិច្ឆិកា ២០១៩។
ផែនការនៃការវិលចូលប្រទេសកម្ពុជាវិញរបស់ ទណ្ឌិត សម រង្ស៉ី មេចលនាឧទ្ទាម ដែលអំពាវឱ្យកងទ័ពបំបែកខ្លួនកាលពីឆ្នាំមុននោះគឺជា «រដ្ឋប្រហារ» ដែលជាអំពើវិទ្ធង្សនា និងជាឧក្រិដ្ឋកម្មធ្ងន់ធ្ងរប៉ះពាល់ដល់សន្តិសុខនៃរដ្ឋ។ នេះបើតាមសេចក្តីប្រកាសរបស់អ្នកនាំពាក្យក្រសួងយុត្តិធម៌ កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១។
សវនាការបទល្មើសឧក្រិដ្ឋ លើបទចោទ «ឧបឃាត» នេះ មានលោក សេង ហៀង ជាតំណាងអយ្យការ ចំណែកក្រុមប្រឹក្សាជំនុំជម្រះមានលោក ឌុច សុខសារិន ជាប្រធានក្រុមប្រឹក្សា, លោក ស៊ន ប៊ុណ្ណារិទ្ធិ និងលោក ធាម ច័ន្ទពិសិដ្ឋ ជាចៅក្រមប្រឹក្សា៕