(ព្រះសីហនុ)៖ ជនចែកចាយ និងប្រើប្រាស់គ្រឿងញៀន យ៉ាងសកម្មចំនួន៣នាក់ តាមមូលដ្ឋានប្រចាំ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ត្រូវកម្លាំងអាវុធហត្ថ ខេត្តព្រះសីហនុ ចុះទៅបង្ក្រាប និងចាប់បញ្ជូនទៅកាន់តុលាការ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៦នេះ។
មន្រ្តីអាវុធហត្ថខេត្តព្រះសីហនុ បានប្រាប់អង្គភាព Fresh News នៅរសៀលថ្ងៃនេះថា «ជនសង្ស័យទាំង៣នាក់ ត្រូវបានបង្ក្រាប នៅរសៀលថ្ងៃម្សិលមិញ ក្រោមកិច្ចសហការរបស់កម្លាំងស្នាក់ការ៤០១ កម្លាំងអាវុធហត្ថស្រុកព្រៃនប់ និងអាវុធហត្ថការិយាល័យ បទល្មើសគ្រឿងញៀន ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ ហេង ប៊ុនទី មេបញ្ជាការអាវុធហត្ថខេត្ត ស្ថិតនៅភូមិមនោរម្យ ឃុំជើងគោ ស្រុកព្រៃនប់»។

បើតាមមន្រ្តីអាវុធហត្ថ ជនសង្ស័យទាំង៣នាក់រួមមានទី១-ឈ្មោះ បូរ សម្ផស្ស អាយុ២៦ឆ្នាំ មុខរបរបើកបរ រស់នៅភូមិឬទ្ធី១ ឃុំកែវផុស ស្រុកស្ទឹងហាវ ទី២-ឈ្មោះ គិល ភារិទ្ធ អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ និងទី៣-ឈ្មោះ ស្រី ភ័ក្រ្ត អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ ជនសង្ស័យទាំង២នាក់ រស់នៅភូមិមនោរម្យ ឃុំជើងគោ។

មន្រ្តីអាវុធហត្ថបានបញ្ជាក់ថា ក្រោយការចុះបង្ក្រាប និងចាប់ខ្លួនជនសង្ស័យទាំង៣នាក់ វត្ថុតាងមួយចំនួនត្រូវបានដកហូតរួមមាន៖ ម្ស៉ៅសថ្លា១កញ្ចប់ធំ ដាវសាំម៉ូរៃ១ ដែកកេះ២ ទូរស័ព្ទ៣គ្រឿង ប្រាក់៤៥២៥០០រៀ ដបជក់២ រថយន្ត Corolla ១គ្រឿង និងម៉ូតូ១គ្រឿង៕