(បន្ទាយមានជ័យ)៖ រថយន្តយីឌុបដឹកដំឡូងមីពេញទ្រុងមួយគ្រឿង ខណៈពេលដាក់ដូយដូរកង់ ស្រាប់តែក្រឡាប់​ចាក់ដំឡូង​ពេញថ្នល់​ជាតិ តែសំណាង​ណាស់​គ្មានមនុស្សរង​របួស នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៦ នៅលើដងផ្លូវ​ជាតិលេខ៥ ត្រង់ចំណុចខាងលិច​មុខ​សាលារៀន​សម្តេច​ឪ​ប្រហែល​១០០ម៉ែត្រ ស្ថិតក្នុង​ភូមិតារាងបាល់ សង្កាត់កំពង់​ស្វាយក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

លោក សន គឹមសួគ៍ នាយការិយាល័យចរាចរណ៍ផ្លូវគោក បានឲ្យដឹងថា មុនពេលកើតហេតុ មានរថយន្តយីឌុបមួយគ្រឿងចំរុះពណ៌ ពាក់ស្លាកលេខ សៀមរាប 3A-1217 ដឹកដំឡូងមី​ពេញបើក​ចេញពីសៀមរាម ឆ្ពោះទៅស្រុកម៉ាឡៃ ដើម្បីយកទៅលក់​នៅពីនោះ លុះបើកមកដល់ចំណុច​កើតហេតុដោយ​សារតែរថយន្ត​យីឌុបនោះ​ដាក់ដំឡូងខ្ពស់​ពេក ធ្វើឲ្យរថយន្តនោះ​បែកកង់តែងម្តង រួចដោះ​ដូរកង់ថ្មី មិនទាន់ដូរផង​ក្រឡាប់តែម្តង សំណាងណាស់គ្មាន​អ្នកណារងរបួស ក្នុងហេតុការណ៍។ ម្ចាស់រថយន្តដឹកដំឡូងឈ្មោះប៊ុត ដប អាយុ៤៩ឆ្នាំ រស់នៅក្នុង​ភូមិគោកដូងថ្មី ឃុំគោកដូង ស្រុកអង្គរជុំ ខេត្តសៀមរាប។ ក្រោយពីកើតហេតុ​នគរបាលចរាចរណ៍​ខេត្តមកដល់​បានធ្វើកំណត់ហេតុ ដោយពុំមានមនុស្សរងរបួស សមត្ថកិច្ចក៏សម្រួលឲ្យម្ចស់ដំឡូង ស្ទូចយករថយន្ត ទើបឲ្យបន្ត​ដំណើរទៅ​មុខទៀត៕