(ភ្នំពេញ)៖ រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា លោកបណ្ឌិត មិន ឃិន បានថ្លែងជំរុញឲ្យ ពុទ្ធបរិស័ទចិនមក​បំពេញទស្សនកិច្ចនៅ​ប្រទេសកម្ពុជា ដើម្បីស្វែង​រកកុសលផលបុណ្យ និងស្វែងយល់​អំពី​គុណធម៌ និងវប្បធម៌ជាតិខ្មែរ កាន់តែច្រើនឡើង គោលបំណង​បង្កើន ទំនាក់ទំនងកម្ពុជា​-ចិន កាន់តែខ្លាំង​ឡើង។

ការថ្លែងបែបនេះ របស់រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានធ្វើឡើងនៅ រសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៦នេះនៅទីស្តីការក្រសួងធម្មការ ខណៈដែលលោកបានជួបពិភាក្សាការងារជាមួយ គណៈប្រតិភូជាន់ខ្ពស់ព្រះសង្ឃព្រះពុទ្ធសាសនាចិនដឹកនាំដោយព្រះតេជគុណ យ៊ិន ហ្សិន អនុប្រធានគណៈសង្ឃចិន និងប្រតិភូអមដំណើរសរុបប្រមាណ២១រូប។ ក្នុងកិច្ចជំនួបនេះ​ប្រតិភូក៏បានកោតសរសើរ​ចំពោះ​រាជរដ្ឋាភិបាល ដែលបានអភិវឌ្ឍ​ប្រទេសឲ្យមានការ រីកចម្រើន ដែលមិននឹក​ស្មានដល់ ហើយមានសុខសន្តិភាព​ខ្ពស់ជាង ប្រទេសជិតខាងក្នុងតំបន់។ មិន​តែប៉ុណ្ណោះ​ខាងសាសនាក៏មានភាពសុខដុមរមនា ដែលប្រទេសជិតខាងពុំមានដូច។ 

ក្នុងឱកាសនោះលោកបណ្ឌិត មិន ឃិន ក៏បាន «សំណូមពរឲ្យពុទ្ធបរិស័ទនៃប្រទេសចិន មកធ្វើទស្សនកិច្ច មកបំពេញបុណ្យកុសល នៅកម្ពុជាឲ្យច្រើនថែមទៀត និងស្វែងយល់អំពី​គុណធម៌ វប្បធម៌ នៃប្រទេសទាំងពីរ ហើយអភិវឌ្ឍន៍ជាតិទាំងអស់គ្នា ក្រោមការដឹកនាំរបស់​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ​ព្រះរាជាណា​ចក្រកម្ពុជា»