(ភ្នំពេញ)៖ លោក ហ៊ុន ម៉ាណែត ប្រធានសមាគម សិស្សនិស្សិតអាហារូបករណ៍ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នឹងអញ្ជើញជាអធិបតី ក្នុងពិធីជូនប័ណ្ណសរសើរ ដល់​និស្សិត ចំនួន២៤០នាក់ ស្រី១២៣នាក់​ នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង​ ចាប់ពីវេលាម៉ោង ៧ ព្រឹក នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦។

សាកលវិទ្យាល័យជាតិគ្រប់គ្រង គ្រោងនឹងរៀបចំជូនប័ណ្ណសរសើរដល់និស្សិតពូកែប្រចាំឆ្នាំតាមមុខ ជំនាញឯកទេសពីលេខ១ ដល់លេខ៥ សរុបចំនួន ២៤០នាក់ ក្នុងនោះមាននិស្សិតស្រីចំនួន ១២៣នាក់។

ជាមួយគ្នានេះដែរ សាកលវិទ្យាល័យជាតិគ្រប់គ្រងបានរៀបចំ ការប្រកួតប្រជែងឲ្យមានការធ្វើបទ បង្ហាញ (Presentation) ជាក្រុម លើប្រធានបទខុសៗគ្នាពី ក្នុងចំណោមនិស្សិតពូកែទាំង២៤០នាក់ នោះ ដើម្បីជ្រើសរើស​យកនិស្សិតពូកែឆ្នើមមួយក្រុម ប្រចាំសាកលវិទ្យាល័យ។

គួរបញ្ជាក់ថា និស្សិតនឹងទទួលបានប័ណ្ណសរសើរ​ម្នាក់មួយសន្លឹក អំណោយសម្តេចតេជោ ហ៊ុន សែន មាន សៀវភៅ២ក្បាល (គតិបណ្ឌិត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ១ក្បាល រៀបរៀងដោយលោកស៊ិន សុវណ្ណនិ និង សេដ្ឋកិច្ចកម្ពុជា ១ក្បាល និពន្ធដោយលោក ហង់ ជួន ណារ៉ុនរដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ។

រីឯក្រុមនិស្សិតដែលនឹងប្រកាសថាជាប់ជា Top 1 ប្រចាំសាកលវិទ្យាល័យ នឹងទទួលបាន​ទឹកប្រាក់ ៥០០ដុល្លារបន្ថែមទៀត៕