(ភ្នំពេញ)៖ Jaguar Land Rover គឺជាក្រុមហ៊ុនផលិតរថយន្ត ប្រភេទប្រណីតធំជាងគេ របស់ចក្រភពអង់គ្លេស បានបញ្ចេញ របាយការណ៍លក់រថយន្ត ដ៏ល្អប្រសើរបំផុតសម្រាប់ខែមករា គឺមានចំនួន ៤៦,០១៦គ្រឿង ត្រូវបានលក់ចេញ ដែលមានកំណើន ២៤ភាគរយ ធៀបនឹងអត្រាខែមករា ឆ្នាំ២០១៥។

អត្រានៃការលក់រាយប្រចាំខែមករាគឺបានកើនឡើងទូទាំងតំបន់ធៀបនឹងឆ្នាំទៅមុនពោលគឺ ៦៥ភាគរយ នៅទ្វីបអឺរ៉ុប , ៣៦ភាគរយ នៅចក្រភពអង់គ្លេស , ៩ភាគរយ នៅអាមេរិកខាងជើង និង ៥ភាគរយ នៅប្រទេសចិន ហើយទីផ្សារក្រៅប្រទេសផ្សេងទៀត (រួមទាំងទីផ្សារកម្ពុជា) មានការកើនឡើង១៥ភាគរយ។

ប្រធានប្រតិបត្តិផ្នែកលក់របស់ Jaguar Land Rover លោក Andy Goss បានមានចំណាប់អារម្មណ៍លើលទ្ធផលនេះថា បន្ទាប់ពីទទួលបានលទ្ធផលលក់ដ៏ល្អប្រចាំឆ្នាំ ២០១៥ នៅទូទាំងពិភពលោក លទ្ធផលខែមករាឆ្នាំនេះគឺជាការចាប់ផ្តើមយ៉ាងប្រសើរ សម្រាប់ឆ្នាំថ្មី ជាមួយនឹងលទ្ធផលដ៏ល្អរបស់ផលិតផលទាំងពីរម៉ាក Jaguar និង Land Rover នៅតំបន់សំខាន់ៗរបស់យើង។ ការលក់រាយនៅ ទ្វីបអឺរ៉ុប និងចក្រភពអង់គ្លេសបានលោតទៅដល់ស្ទើតែ ២០០០០គ្រឿងនៅក្នុងខែមករានេះ ដែលការលក់នេះនាំមុខដោយម៉ូដែល Jaguar XE និង Land Rover Discovery Sport។

ស្រដៀងគ្នានេះដែរ ទីផ្សារនៅក្នុងប្រទេសចិន បានឆ្លើយតបយ៉ាងវិជ្ជមានលើការផលិតក្នុងស្រុករបស់ម៉ូដែល Discovery Sport ជាមួយនឹងការលក់រាយស្ទើតែ ៣,០០០គ្រឿងនៅក្នុងខែទីពីរ។
លើសពីការកត់សម្គាល់ការលក់ជាសរុបក្នុងខែមករា Land Rover បានលក់រថយន្ត ៣៨,០៧៥គ្រឿងនៅក្នុងខែមករានេះ គឺមានការកើនឡើង ២០ភាគរយ ធៀបនឹងឆ្នាំទៅមុន។ រថយន្តដែលលក់ដាច់ជាងគេប្រចាំខែគឺ Range Rover Evoque គឺលក់បាន ៩,៧២៩គ្រឿង និង Discovery Sport លក់បាន ៩,៤៨៦គ្រឿង។

Jaguar គឺទទួលបានលទ្ធផលនៃការលក់ដ៏ប្រសើរប្រចាំខែមករា ចាប់តាំងពីឆ្នាំ២០០៥មកម្លេះ ដោយបានប្រគល់រថយន្តចំនួន ៧,៩៤១គ្រឿង កើនឡើង ៤៤ភាគរយលើឆ្នាំកន្លងទៅ ដោយសារតែកំណើនលក់នៃ រថយន្ត Jaguar XE ចំនួន ៣,៦៧៣គ្រឿង។ ទ្វីបអឺរ៉ុប និង ចក្រភពអង់គ្លេស ទទួលបានកំណើនអត្រាលក់ខ្ពស់ជាងគេប្រចាំឆ្នាំ  គឺកើនឡើង ១៣១ភាគរយ នៅទ្វីបអឺរ៉ុប ១៨៤ភាគរយ នៅចក្រភពអង់គ្លេស និង ២២ភាគរយ នៅទីផ្សារក្រៅតំបន់ដ៏ទៃទៀត៕