(ភ្នំពេញ)៖​ សាលាឧទ្ធរណ៍ គ្រោងនឹងប្រកាសសាលដីកា ចំពោះសុំណុំរឿងអតីត តារាចម្រៀង អូ រស្មី នៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦ខាងមុខនេះ ពាក់ព័ន្ធនឹងការប្តឹងជំទាស់​ទៅនឹងសាលក្រម​របស់សាលាដំបូង​រាជធានីភ្នំពេញ។

កាលពីរសៀលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ សាលាដំបូង រាជធានីភ្នំពេញ បានប្រកាស​សាលក្រម កំបាំងមុខផ្តន្ទាទោស​ជនជាប់ចោទ ឈ្មោះ អូ រស្មី ដាក់គុក រយៈពេល ៧ឆ្នាំ និង​បង្គាប់ឲ្យសងជំងឺចិត្ត ២០លានរៀល ទៅក្មេង​ស្រីរងគ្រោះ ជាប់ពាក់ព័ន្ធនឹង ករណីការនាំ ក្មេងអាយុ១៤ឆ្នាំ​ម្នាក់ យកទៅឲ្យរួមភេទ ជាមួយបុរស​អ្នកមានទ្រព្យ ដែលជាអនិក​ជនខ្មែរ ជាថ្នូរនឹង​បានក្លាយ​ជាតារា​ចម្រៀងស្រី ដ៏ល្បីមូយរូប នៅក្នុង​ប្រទេសកម្ពុជា។

សូមរំលឹកផងដែរថា អតីតតារាចម្រៀង អូ រស្មី ប្រចាំ​ផលិតកម្មឆ្លងដែន និងរៃមាស ត្រូវបានតុលាការចោទប្រកាន់​ពីបទលក់​ដូរមនុស្ស ដោយមានគោលដៅ និង​សញ្ចារកម្ម មានស្ថាន​ទម្ងន់ទោស​ពាក់ព័ន្ធ នឹងការអូសទាញ ក្មេងស្រី អាយុ១៤ឆ្នាំ​ទៅរួមភេទ ជាមួយតាៗ។ នាង អូ រស្មី ត្រូវបាននគរបាលការិយាល័យ​ប្រឆាំង ការជួញដូរមនុស្ស និង​ការពារ​អនីតិជន រាជធានី​ភ្នំពេញ ឃាត់​ខ្លួនកាល​ពីរសៀល ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៤ តាមពាក្យបណ្តឹងរបស់ម្តាយក្មេងស្រីរងគ្រោះ៕