(បន្ទាយមានជ័យ)៖ រដ្ឋបាលកម្ពុជា និងរដ្ឋបាលថៃ បានជួបប្រជុំពង្រឹង​ស​ហប្រតិបត្តិការ រវាងអាជ្ញាធរ​ជាប់ព្រំដែន ដើម្បីរួមគ្នាទប់ស្កាត់បទល្មើស តាមបន្ទាត់ព្រំដែន នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងស្រុកអារញ្ញប្រាថេប ខេត្តស្រះ​កែវ នៅ​រសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៦ នៅសាលាក្រុងប៉ោយប៉ែត។ 

គណ:ប្រតិភូកម្ពុជា លោកង៉ោ ម៉េងជ្រួនអភិបាល​ក្រុងប៉ោយប៉ែត និងគណៈប្រតិភូថៃ​ដឹកនាំដោយលោក ណាត់ថាឆៃ  សុខសាន់ទិ អភិបាលស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ប្រទេសថៃ និងមន្ត្រីក្រោម​ឱវាទនៃ ស្រុកក្រុងទាំង២ជាច្រើនរូប។ កិច្ចប្រជុំផ្តោតទៅលើបញ្ហា​គ្រឿងញៀន ឆ្លងដែន ទំនិញគេចពន្ធ និងការឆ្លងដែន​ខុសច្បាប់ ។ ក្នុងជំនួបពិភាក្សានេះភាគី កម្ពុជាបានស្នើរលើគោលការ​ចំនួន៣ចំណុច​ធំៗ ទៅភាគីថៃទី១. សុំឲ្យអាជ្ញាធរថៃ មានការយោគយល់​ដល់អាជីវករ ខ្មែរលក់​ដូរ នៅផ្សាររុងក្លឿ ទី២. រួមគ្នាទប់ស្កាត់បទល្មើស តាមបន្ទាត់ព្រំដែន និងពលករ ចំណាកស្រុកខុសច្បាប់ និងទី៣. ចង់ឲ្យពលរដ្ឋ មកពីបណ្តាខេត្តផ្សេងៗ ក៏ដូចជា អ្នកក្រុងប៉ោយប៉ែត ចេញចូលទៅ​ផ្សាររុងក្លឿ ដោយ​ប្រើត្រឹមតែអត្តសញ្ញាណប័ណ្ណ​ និង​ទិញសំបុត្រ១០ បាតឬ១០០០រៀល អាចចេញចូលបានពេញ​១ថ្ងៃ ដូចកាលពីមុនមិនចាំបាច់ ប្រើកាតអន្តោប្រវេសន៍​ឆ្លងដែន Immigration Card ឬបណ្ណលិខិតឆ្លងដែនBorder pass។

តាមកម្មវិធីក្រោយពីកិច្ចប្រជុំចប់ភាគីទាំងពីរ នឹងធ្វើការប្រកួតបាល់ទាត់​មិត្តភាពរវាងមន្រ្តីរាជការ កងកម្លាំងសមត្ថកិច្ចគ្រប់​ប្រភេទនៃក្រុង​ស្រុក​ទាំងពីរ រួចចប់បន្តពិសារ​អាហារ​សាមគ្គី​ពេល​ល្ងាច ៕