(ភ្នំពេញ)៖ ប្រជាពលរដ្ឋចំនួន១០គ្រួសារ រស់នៅខាងត្បូងសណ្ឋាគារហូលីដេ ផ្លូវលេខ៨៤កែងផ្លូវលេខ៧៥ ភូមិ១០ សង្កាត់ស្រះចក ខណ្ឌដូនពេញ នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានដាក់​ពាក្យ​បណ្តឹង​​ទៅអភិបាលខណ្ឌលោក គួច ចំរើន ក្រោយពីពួកគេមិនអាចរស់នៅបានសុខ ព្រោះតែសំឡេងបំពង់ស្រូបក្លិន នៅភោជនីយដ្ឋានចិនយីហោ ថាយជី បានបញ្ចេញកងរំពងរាល់ថ្ងៃរាល់យប់។

តំណាងប្រជាពលរដ្ឋទាំង១០គ្រួសារ បានប្រាប់ភ្នាក់ងារ Fresh Newsថា «ជារៀងរាល់យប់ រាល់ថ្ងៃនេះ នៅភោជនីយដ្ឋាននេះ បានបង្កការរំខានដល់ការរស់នៅរបស់យើងជាខ្លាំង ដេកពួនមិនបាន ដោយសារតែ សំឡេងរំខាន ម៉ាស៊ីន និងបំពង់ស្រូបក្លិនឆ្អេះឆ្អាបចេញពីក្នុងភោជនីយដ្ឋាន ដែលគេបំពាក់នៅផ្នែកខាងក្រោយ ត្រង់ចំហៀងត្បូង នៃភោជនីយដ្ឋាននោះ ហើយបណ្តាលឲ្យមានការប៉ះពាល់​សុខភាពក្នុងការរស់នៅយ៉ាងខ្លាំងទៀតផង»។

ប្រជាពលរដ្ឋបានបន្តទៀតថាបញ្ហាពីផលនោះដែរ ពួកគាត់ធ្លាប់បានដាក់ពាក្យបណ្តឹងទៅ​អាជ្ញាធរសង្កាត់រួចមកហើយ មិនត្រឹមតែប៉ុណ្ណោះ ពួកគាត់ព្រម​ទាំង​បាន​លើក​ឡើង​នៅក្នុងវេទិការសាធារណៈ​ទៀតផងដើម្បី​ឲ្យអាជ្ញាធរ​​ជួយរកដំណោះស្រាយ ធ្វើយ៉ាងណាសំណូមពរឲ្យម្ចាស់​អាជីវកម្មភោជនីយដ្ឋាន​ខាងលើ ធ្វើការកែលំអរ ឬជួសជុលឡើងវិញ ដើម្បីកាត់បន្ថយសំឡេង ដែល​ឮ​ចេញយ៉ាង​ខ្លាំងពីបំ​ពង់​ស្រូបក្លិន។ តែផ្ទុយទៅវិញ មិនដែលឃើញអាជ្ញាធរ​សង្កាត់ មានវិធានការចុះ​មកអន្តរាគមន៍ ដល់ម្ចាស់អាជីវកម្មនោះទេ ទើបពួកគាត់សម្រេច​ដាក់ពាក្យបណ្តឹង​រួមគ្នា​មួយច្បាប់ទៀត គោរពចូល​ទៅលោក គួច ចំរើន អភិបាលខណ្ឌដូនពេញ ដោយសង្ឃឹមថា លោកអភិបាលខណ្ឌ នឹងចាត់មន្ត្រីជំនាញចុះមកពិនិត្យ​នូវផលប៉ះពាល់នេះ​ជាក់​ជាមិនខានឡើយ៕