(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានសម្តែងការគាំទ្រដល់ការធ្វើសមយុទ្ធរួមគ្នា រវាងកងទ័ពជើងទឹក កម្ពុជា និងកងទ័ពជើងទឹកចិន ក្នុងសកម្មភាពមនុស្សធម៌នានា តែសម្តេចបានស្នើទៅដល់កងទ័ពជើងទឹកចិន ឲ្យជួយបង្កើនសមត្ថ ភាពកងទ័ពជើងទឹកកម្ពុជា ពីវិធីជួយសង្រ្គោះនាវាពីក្រុមចោរសមុទ្រ ក៏ដូចជាជួយសង្រ្គោះពេលជួបគ្រោះមហន្តរាយនានា សម្រាប់ ការធ្វើសមយុទ្ធលើកក្រោយៗទៀត។

សំណើរបស់នាយករដ្ឋមន្រ្តីកម្ពុជា បានធ្វើឡើងក្នុងឱកាស ដែលសម្តេច បានអនុញ្ញាតឲ្យលោក Radm Yumanjiang មេបញ្ជាការ នាវាកងទ័ពរំដោះប្រជាជានចិន ប្រចាំនៅដែនសមុទ្រចិនខាងត្បូង ចូលជួបសម្តែងការគួរសម និង សំណេះសំណាលការងារនៅវិមាន សន្ដិភាព នាល្ងាចថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៦នេះ។

យោងតាមទំព័រ Facebook របស់សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងថា ក្នុងជំនួបនេះ លោក Radm Yumanjiang បានជម្រាប  សម្ដេចតេជោ អំពីការចូលចតរបស់នាវាចិន ៣គ្រឿងចូលចតនៅកំពុងផែក្រុងព្រះសីហនុ ដោយទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅ ពីប្រជាជន និង កងនាវាជើងទឹកកម្ពុជា។ ជាពិសេសការទទួលស្វាគមន៍ពី នាយឧត្តមសេនីយ៍ ទា បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ កម្ពុជា ព្រមទាំងមន្រ្តីសំខាន់ៗ របស់ក្រុមនាវិកកម្ពុជា ទៅទស្សនកិច្ចនៅមូលដ្ឋានទ័ពនាវាប្រទេសចិនផងដែរ។

លោក Radm Yumanjiang  បានបញ្ជាក់ថា ថ្ងៃនេះក្រុមនាវិកចិន កំពុងធ្វើការហ្វឹកហាត់យ៉ាងសកម្មជាមួយកងទ័ពជើងទឹកកម្ពុជានៅ លើដែនគោក ហើយនឹងបន្តនៅថ្ងៃស្អែកក្នុងដែនសមុទ្រ។

លោក Radm Yumanjiang បានចាប់អារម្មណ៍ឃើញថា កងទ័ពជើងទឹករបស់កម្ពុជាមានភាពស្មោះស្ម័គ្រ និង ទទួលខុសត្រូវខ្ពស់  រួសរាយរាក់ទាក់។ កងទ័ពជើងទឹក របស់ចិននិងកងទ័ពជើងទឹករបស់កម្ពុជាមានកិច្ចសហប្រតិត្តិការល្អ និងពង្រឹងទំនាក់ទំនងនេះឲ្យល្អបន្ថែមទៀតនាពេលខាងមុខ ។

ទំព័រ Facebook សម្តេចតេជោ បានគូសបញ្ជាក់ថា ជំនួបពិភាក្សាការងារនៅល្ងាចនេះ បានបង្កើន និងពង្រឹងទំនាក់ទំនងមិត្តភាព និង សហប្រតិបត្តិការល្អ រវាងកងកម្លាំងជើងទឹក នៃប្រទេសទាំង២ ដែលជួយជំរុញដល់កំណើនសេដ្ឋកិច្ចជាតិ និង សន្តិភាពក្នុងតំបន់ និង ផលប្រយោជន៍ជាច្រើនថែមទៀត ដល់ប្រជាជាតិ នៃប្រទេសទាំងពីរ។ ទន្ទឹមនិងនេះ សម្តេចតេជោ ហ៊ុន សែន បានផ្តាំផ្ញើសួរសុខទុក្ខ ដល់លោកប្រធានាធិបតីចិន ស៊ី ជិនពីង ផងដែរ៕