(ភ្នំពេញ)៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានប្រាប់អង្គភាព Fesh News នៅមុខនេះបន្តិច នាព្រលប់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៦ថា ក្រសួងសុខាភិបាល នឹងទទួលខុសត្រូវលើថ្លៃចំណាយទាំងស្រុង ក្នុងការព្យាបាលជំងឺរបស់ លោក ឃុន ណូ។

លោករដ្ឋមន្រ្តី ម៉ម ប៊ុនហេង បានបញ្ជាក់ថា រាល់ថវិកាដែលមន្ទីរពេទ្យបានទូទាត់ជាមួយក្រុមគ្រួសារសពរបស់ លោក ឃុន ណូ ទាំងប៉ុន្មាន លោកនឹងចាត់ឲ្យខាងមន្ទីរពេទ្យ យកប្រាក់ប្រគល់ត្រឡប់ឲ្យទៅក្រុមគ្រួសារសពទាំងអស់វិញ។

ក្រៅពីការបញ្ជាក់ខាងលើនេះ រដ្ឋមន្រ្តីក្រសួងសុខាភិបាលរូបនោះ បានសម្តែងការសោកស្តាយយ៉ាងខ្លាំង និងចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះមរណភាព លោក ឃុន ណូ ​ផងដែរ

សូមជំរាបថា លោក ឃុន ណូ ជាអ្នកបញ្ជាកាមេរ៉ាថតពីលើអាកាស (Drone) របស់​ស្ថានីយទូរទស្សន៍ CNC, CTN, MyTV បានទទួលមរណភាពក្នុងវ័យ២៩ឆ្នាំ នៅវេលាម៉ោងប្រមាណ ៤៖០០នាទីទៀបភ្លឺ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៦ ដោយរោគាពាធ។ លោក ឃុន ណូ គឺជាអ្នកសារព័ត៌មានកម្ពុជា ដ៏មានស្នាដៃមួយរូប ហើយបានចូលរួមចំណែក​យ៉ាងសំខាន់ ​នៅក្នុងការ​លើកកម្ពស់​សេរីភាព​សារព័ត៌មាន។

សព លោក ឃុន ណូ ត្រូវបានតំកល់ទុកធ្វើបុណ្យតាមប្រពៃណី នៅគេហដ្ឋាននៃសព ក្នុងភូមិកល់គម ឃុំ​ត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ (ជិតផ្សាត្រាំកក់)។ សពនឹងត្រូវបូជាវេលាម៉ោង​ ៨៖០០នាទីយប់ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៦៕