(បន្ទាយមានជ័យ)៖ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ អាត់ ខែម បានប្រាប់អង្គភាព Fresh News នៅយប់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៦នេះថា ក្រោយពីកម្លាំងនគរបាល របស់លោកបង្ក្រាប និងចាប់បានជនសង្ស័យទាំង២នាក់ ដែលជាប់ពាក់ព័ន្ធ សកម្មភាពភ្ជង់ ប្លន់ស្រ្តីអាជីវករ នៅក្រុងប៉ោយប៉ែតនាព្រឹកមិញរួចមក សមត្ថកិច្ចរបស់លោកបានរកឃើញ និង ដកហូតគ្រឿងអលង្ការ និងលុយកាក់មួយចំនួន មកវិញផងដែរ ដើម្បីប្រគល់ជូនរងគ្រោះវិញ។

លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា ក្រៅពីគ្រឿងអលង្ការ និងលុយកាក់នោះ កម្លាំងនគរបាល ក៏បានដកហូត កាំភ្លើង២ដើម និងរថយន្តមួយគ្រឿងម៉ាក Camry ឆ្លាមពាក់ស្លាកលេខ បាត់ដំបង 2A-6871 ផងដែរ។ លោកស្នងការ បានបញ្ជាក់ថា «ក្រោយចាប់បាន យើងបាននាំខ្លួនវា ទៅឆែកបន្ទប់ស្នាក់នៅ ទើបរកឃើញគ្រឿងអលង្ការ និងសម្ភារៈទាំងនេះតែម្តង»។ យ៉ាងណាក៏ដោយ រហូតមកដល់យប់ថ្ងៃដដែលនេះ នគរបាលជំនាញ បាន និងកំពុងសួរនាំជនសង្ស័យ ទាំង២នាក់ បន្ថែមទៀត។

ភ្នាក់ងារ Fresh News បានរាយការណ៍ថា ជនសង្ស័យទី១ឈ្មោះ យ៉ាង ធូ អាយុ៣៧ អ្នកឲ្យស៊ើប និងផ្តល់ទីតាំង និងជនសង្ស័យទី២ ពុំទាន់ដឹងអត្ត សញ្ញាណនោះឡើយទេ ខណៈបក្ខពួក ម្នាក់ទៀត កម្លាំងសមត្ថកិច្ចបាន និងកំពុងធ្វើការស្រាវជ្រាវដើម្បីតាមចាប់ខ្លួន។ លោកឧត្តមសេនីយ៍ ស្នងការ អាត់ ខែម ក៏បានប្រកាស ផ្តល់ថវិកាផ្ទាល់ខ្លួនចំនួន១ពាន់ដុល្លារ ដល់កងកម្លាំងនគរបាល របស់លោកដែលបានខិតខំ បង្ក្រាបក្រុមចោរប្លន់ទាំងនេះ។

សូមបញ្ជាក់ថា មានជនសង្ស័យ២នាក់ ប្រដាប់ដោយកាំភ្លើងខ្លីមួយដើម បានធ្វើសកម្មភាពទៅភ្ជង់ប្លន់ យកថង់ដាក់គ្រឿងអលង្ការ និងលុយរបស់ស្រ្តីអាជីវករលក់មាស នៅផ្សារយួនក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ត្រូវបានសមត្ថកិច្ចបញ្ជាក់ថា ក្រោយការសួរនាំ ជនរងគ្រោះបានប្រាប់ថា បាត់បង់គ្រឿងអលង្ការមួយចំនួន និងលុយដុល្លារ លុយខ្មែរ លុយបាត សរុបជាង៦ពាន់ដុល្លារ។

ករណីនេះបានកើតឡើងនៅមុខផ្ទះជនរងគ្រោះមានឈ្មោះ សយ សុផាន់ណា ភេទស្រី អាយុ៤៥ឆ្នាំ ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់និងក្រុងប៉ោយប៉ែត។ មុនពេលកើតហេតុ ជនរងគ្រោះ២នាក់ម្តាយ និងកូនស្រីអាយុ១១ឆ្នាំ បានជិះម៉ូតូចេញពីផ្ទះ ទៅលក់ដូរនៅផ្សារយួន ស្រាប់តែចេញពីផ្ទះប្រមាណ៥០ម៉ែត្រ ក៏លេខមុខជនសង្ស័យ២នាក់ ជិះម៉ូតូម៉ាកសេ១២៥មួយគ្រឿង ប្រដាប់ដោយកាំភ្លើងខ្លីមួយដើម មកភ្ជង់ហើយគំរាមបាញ់សម្លាប់ចោល ពេលនោះស្រ្តីរងគ្រោះបានបើកកែបម៉ូតូ យកថង់ដាក់គ្រឿងអលង្ការ និងលុយទៅឲ្យក្រុមចោរ មុនពេលពួកគេបើកម៉ូតូ គេចខ្លួនដោយសុវត្ថិភាព៕