(ភ្នំពេញ)៖ ស្ត្រីម្នាក់ឈ្មោះ មុឹង ស្រីនួន ដែលបានស្លៀកពាក់បង្ហាញភាពស៉ិចស៉ីជ្រុល ដោយប្រេីប្រាស់កាយវិការ និងសម្តីអសីលធម៌មិនសមរម្យ ពេលឡាយលក់ឡេពង្រីកដើមទ្រូង លើបណ្តាញសង្គម Facebook ត្រូវបានសមត្ថកិច្ចកោះហៅមកបំភ្លឺ សុំទោស ជាសាធារណ : និងធ្វេីកិច្ចសន្យា នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១នេះ។
Facebook ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ម្ចាស់គណនីហ្វេសបុកដែលមានឈ្មោះ J No Cosmetic មានម្ចាស់ឈ្មោះ ម៉ឹង ស្រីនួន ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ អ្នកលក់អនឡាញ អាសយដ្ឋានបន្ទប់ជួល ក្រុមទី៥ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងទៀតថា ដោយអនុវត្តតាមការណែនាំជាប្រចាំរបស់ថ្នាក់ដឹកនាំត្រូវមានវិធានការណ៍ចំពោះបុគ្គលទាំងឡាយណាដែលឡាយលក់ផលិតផល ដោយបានបង្ហាញភាពស៉ិចសុីជ្រុល ប្រេីប្រាស់កាយវិការ និងសម្តីអសីលធម៌ដែលធ្វេីឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្ត្រីែខ្មរ នៅថ្ងៃអង្គារ៍ ទី០៩ ខែកុម្ភ: ឆ្នាំ២០២១ វេលាម៉ោង ១៤៖០០នាទី សមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការកោះហៅស្ត្រីខាងលើ ដែលបានឡាយលក់ផលិតផលដោយបង្ហាញភាពសុិចសុីជ្រុលហួសហេតុ មកបំភ្លឺ ណែនាំ និងធ្វើកិច្ចសន្យា។
ដោយបានទទួលស្គាល់អំពីកំហុសដែលខ្លួនបានធ្វេី និងធ្វេីឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្ត្រីខ្មែរទូទៅ ម្ចាស់គណនីរូបនេះបានចូលខ្លួនមកទទួលស្គាល់កំហុស សុំទោសជាសាធារណ: ជាពិសេសស្ត្រីខ្មែរទូទៅ និងបានធ្វើកិច្ចសន្យាឈប់ធ្វើសកម្មភាពឡាយវីដេអូបញ្ចេញរូបភាពអាសអាភាស កាយវិកា និងពាក្យសម្តីមិនសមរម្យទៀតហេីយ ។
ជាចុងបញ្ចប់ស្ត្រីឈ្មោះ មុឹង ស្រីនួន បានសំណូមពរ និងសូមការអធ្យាស្រ័យពីសំណាក់សមត្ថកិច្ច និងប្រជាពលរដ្ឋខ្មែរគ្រប់រូប ជាពិសេសស្ត្រីខ្មែរទាំងអស់ ដែលគាត់បានឡាយបង្ហាញភាពស៉ិចស៉ីជ្រុល បង្ហាញកាយវិការ និងប្រេីប្រាស់សម្តីអសីលធម៌ ដែលជាទង្វេីអាក្រក់ និងសង្គមស្អប់ខ្ពេីម ។
បន្ទាប់ពីបានសារភាពទទួលស្គាល់កំហុស និងធ្វេីកិច្ចសន្យារួច សមត្ថកិច្ចក៏បានអនុញ្ញាតឲ្យស្ត្រីរូបនេះត្រឡប់ទៅលំនៅដ្ឋានវិញនៅម៉ោង ១៧:៖៣០នាទី ៕