(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានចាក់វ៉ាក់សាំងការពារកូវីដ១៩ដំបូងគេរួចរាល់ហើយ នៅមន្ទីរពេទ្យកាល់ម៉ែត នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១។

នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១នេះ ថ្នាក់ដឹកនាំមួយចំនួនរបស់កម្ពុជា និងអ្នកសារព័ត៌មាន ដែលមានអាយុចន្លោះពី១៨ ទៅ៥៩ឆ្នាំ ចាប់ផ្តើមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលជាជំនួយរបស់រដ្ឋាភិបាលចិន ក្នុងនោះ លោកបណ្ឌិត ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់សម្តេចតេជោ ហ៊ុន សែន ត្រូវបានចាក់វ៉ាក់សាំងនេះមុនគេបង្អស់សម្រាប់ការចាក់នៅក្នុងប្រទេសកម្ពុជា។

ការទទួលវ៉ាក់សាំងកូវីដ១៩ ឈ្មោះ សីណូហ្វាម (Sinopharm) ជូនថ្នាក់ដឹកនាំកម្ពុជា លើកដំបូងនេះ ធ្វើឡើងតាមគោលការណ៍ស្ម័គ្រចិត្ត នៅទីតាំងចំនួន៤ រួមមាន៖

១៖ មន្ទីរពេទ្យកាល់ម៉ែត សម្រាប់ឥស្សរជនជាទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ ឬមានឋានៈស្មើ
២៖ មន្ទីរពេទ្យព្រះអង្គឌួង សម្រាប់ឥស្សរជន ជាអនុរដ្ឋលេខាធិការ ឬមានឋានៈស្មើ
៣៖ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត សម្រាប់ឥស្សរជនជាអភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត
៤៖ មន្ទីរពេទ្យកុមារជាតិ សម្រាប់អ្នកសារព័ត៌មាន។

បើតាម លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានឲ្យដឹងថា ក្រៅពីលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ដែលអញ្ជើញទៅចាក់វ៉ាក់សាំងការពារកូវីដ១៩នោះ ក៏មានឥស្សរជនមួយចំនួនទៀតផងដែររួមមាន លោក ហ៊ុន ម៉ានិត, លោក ហ៊ុន ម៉ានី, លោក ឌី វិជ្ជា លោក សុខ ពុទ្ធិវុធ លោករដ្ឋមន្រ្តី កើត រិទ្ធ លោករដ្ឋមន្រ្តី សាយ សំអាល់ និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញជាដើម។

សម្រាប់ថ្នាក់ដឹកនាំស្ថាប័នចំណុះក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ ដែលមានអាយុចាប់ពី១៨ឆ្នាំ រហូតដល់អាយុលើសពី៥៩ឆ្នាំ នឹងចាប់ផ្តើមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នៅវេលាម៉ោង២៖០០រសៀល ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១នេះ នៅមន្ទីរពេទ្យកេតុមាលា។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងការពារជាតិ ចុះហត្ថលេខាដោយ នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការក្រសួងការពារជាតិ៕