(ត្បូងឃ្មុំ)៖ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និងវៀតណាម ដែលនឹងឈានចូលនាពេលខាងមុខនេះ លោក ហាក់ សុខមករា អភិបាលរងខេត្ត និងជាអនុគណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តត្បូងឃ្មុំ បានដឹកនាំប្រធាន អនុប្រធាន និងមន្ត្រីមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត នគរបាលចរាចរ ព្រមទាំងអាជ្ញាធរក្រុងសួង ចុះផ្សព្វផ្សាយស្វែងយល់ពីច្បាប់ចរាចរណ៍ បិទស្ទីកឃ័រ និងចែកមួកសុវត្ថិភាពដល់ប្រជាពលរដ្ឋធ្វើដំណើរតាមដងផ្លូវនៅក្រុងសួង ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្រោមការរៀបចំដោយមន្ទីរសាធារណការខេត្តត្បូងឃ្មុំ។

ក្នុងឱកាសនោះ លោក ហាក់ សុខមករា អំពាវនាវដល់អ្នកដំណើរត្រូវគោរពច្បាប់ចរាចរណ៍ឲ្យបានម៉ឺងម៉ាត់ទាំងអស់គ្នាដើម្បីរួមគ្នាបង្ការ ទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឲ្យចុះមកកម្រិតទាបបំផុត ក្រោមពាក្យស្លោក «ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍»។

លោក ហាក់ សុខមករា បានក្រើនរំលឹកដល់អ្នកធ្វើដំណើរទាំងអស់ត្រូវរួមគ្នាគោរព និងបង្កើនការយល់ដឹងពាក់ព័ន្ធនឹងច្បាប់ចរាចរណ៍ គំនូសសញ្ញា ផ្លាកសញ្ញា ភ្លើងសញ្ញាចរាចរណ៍ ដោយរាល់ពេលឡើងយានជំនិះបើកបរត្រូវពិនិត្យរថយន្តឲ្យមានសុវត្ថិភាព និងត្រូវពាក់ខ្សែក្រវ៉ាត់ ចំណែកម៉ូតូត្រូវដាក់កញ្ចក់ និងពាក់មួកសុវត្ថិភាព រាល់ពេលធ្វើដំណើរ។

ជាពិសេសត្រូវខ្លាចគ្រោះថ្នាក់ចរាចរណ៍ ឲ្យដូចខ្លាចជំងឺផ្លូវដង្ហើមប្រភេទថ្មីបង្កដោយវីរុសកូរ៉ូណា ព្រោះថា កម្ពុជាមិនទាន់មានអ្នកស្លាប់ដោយសារវីរុសនេះនៅឡើយទេតែយើងនាំគ្នាខ្លាចរអារប៉ុន្តែត្រង់គ្រោះថ្នាក់ចរាចរណ៍ដែលជាមច្ចុរាជលេខ១ បែរជាពលរដ្ឋកម្ពុជាមើលរំលង ដោយយើងគ្រប់គ្នាត្រូវយកចិត្តទុកដាក់លើរឿងនេះទាំងអស់គ្នា ខណៈថ្ងៃនេះដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ បានចាប់ផ្តើមផងដែរ។

ក្នុងយុទ្ធនាការនេះ មានការអប់រំផ្សព្វផ្សាយណែនាំដល់អ្នកបើកបរយានយន្ត ឱ្យចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក បើកបរឱ្យមានការប្រុងប្រយ័ត្នខ្ពស់ មិនត្រូវបើកបរក្រោមឥទ្ធិពល នៃគ្រឿងស្រវឹងដាច់ខាត ត្រូវចេះគោរពសិទ្ធិអាទិភាព និងមានការអធ្យាស្រ័យខ្ពស់រាល់ពេលបើកបរ ធ្វើយ៉ាងណាចូលរួមទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក៕