(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបង្ហើបអំពីរឿងដែលសម្តេចបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ស៊ីណូហ្វាម (Sinopharm) របស់ចិន កាលពី២០ថ្ងៃមុន។ សម្តេចបានអះអាងថា រយៈពេលជាង២០ថ្ងៃមក នេះ សម្តេចមានសុខភាពល្អជាធម្មតា មិនមានអ្វីប្រែប្រួលគួរឱ្យកត់សម្គាល់ឡើយ។

ក្នុងឱកាសផ្តល់បទសម្ភាសដល់ក្រុមអ្នកសារព័ត៌មាន បន្ទាប់ពីបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនថ្នាក់ដឹកនាំកងទ័ព នៅឯមន្ទីរពេទ្យកេតុមាលា នារសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ សម្តេចពិជ័យសេនា ទៀ បាញ់ បានអះអាងថា សម្តេចបានចាក់វ៉ាក់សាំងស៉ីណូហ្វាម នៅមន្ទីរពេទ្យកេតុមាលានេះតែម្តង ហើយវេជ្ជបណ្ឌិតរបស់ចិន ជាអ្នកចាក់ឱ្យសម្តេចដោយផ្តាល់។ សម្តេច ទៀ បាញ់ បានបង្ហើបទៀតថា មុននឹងសម្តេចទទួលវ៉ាក់សាំងស៉ីណូហ្វាមនេះទៀតសោត គឺមានមនុស្សនៅជុំវិញសម្តេច បានចាក់មុនស្រេចទៅហើយ ជាពិសេសកូនរបស់សម្តេច តែសម្តេចមិនបានបង្ហើបឈ្មោះនោះដែរ។

សម្តេច ទៀ បាញ់ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំសូមនិយាយរឿងពិតមួយចំនួន ដោយសារតែខ្ញុំបានចាក់មុនហើយ»។ សម្តេចបន្តថា «មកដល់ថ្ងៃនេះ គឺនៅសល់តែ ១០ថ្ងៃទៀតទេ ដល់ពេល ១ខែ។ មុននឹងខ្ញុំចាក់នោះ មានអ្នកមួយចំនួនចាក់មុនខ្ញុំទៅទៀត ដើម្បីសាកល្បងមើល។ សាកល្បងហើយឃើញថា គុណភាពល្អ ប្រសិទ្ធភាពល្អ មានសុវត្ថិភាព អត់មានបញ្ហាអ្វីទាំងអស់ គេក៏ចាក់ខ្ញុំដែរ»

បើតាមសម្តេច ទៀ បាញ់, បន្ទាប់ពីសម្តេចចាក់វ៉ាក់សាំងស៉ីណូហ្វាមរួចហើយ សង្កេតឃើញថា ពិតជាមានសុវត្ថិភាព ពោលមិនមានបញ្ហាអ្វីខុសប្រក្រតីកើតឡើងចំពោះសម្តេចឡើយ។ ក្នុងន័យនេះ សម្តេចបានថ្លែងអំណរគុណដល់រដ្ឋាភិបាលចិន ដែលបានផ្តល់វ៉ាក់សាំងប្រភេទនេះ ដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីប្រើប្រាស់ក្នុងស្ថានភាពដ៏ចាំបាច់នេះ។

វ៉ាក់សាំងកូវីដ១៩ ឈ្មោះស៉ីណូហ្វាមរបស់ចិន និងវ៉ាក់សាំងកូវីដ១៩ របស់បណ្តាប្រទេសផ្សេងៗទៀត លើពិភពលោក មិនទាន់ត្រូវបានទទួលស្គាល់ពីអង្គការសុខភាពពិភពលោកឡើយ។ សម្តេច ទៀ បាញ់ ដែលទទួលបានការចាក់វ៉ាក់សាំងស៉ីណូហ្វាម ២០ថ្ងៃហើយនោះ បានផ្តាំផ្ញើកុំឲ្យមានការបារម្ភពីវ៉ាក់សាំងប្រភេទនេះឡើយ ដោយសម្តេចអះអាងថា វាត្រូវបានពិសោធន៍យ៉ាងហ្មត់ចត់ មុននឹងត្រូវបានដាក់ឲ្យប្រើប្រាស់។

វ៉ាក់សាំងស៉ីណូហ្វាម ត្រូវបានប្រកាសថា អ្នកដែលអាចទទួលបានវ៉ាក់សាំងនេះ ត្រូវមានអាយុ ១៨ឆ្នាំ ដល់ក្រោម ៥៩ឆ្នាំ។ សម្តេច ទៀ បាញ់ ដែលមានវ័យ ៧៥ឆ្នាំហើយនោះ បានបកស្រាយថា រឿងអាយុគ្រាន់កំណត់ដើម្បីឲ្យអ្នកដែលពេញអាយុធ្វើការ ត្រូវទទួលវ៉ាក់សាំងនេះឲ្យបានឆាប់ប៉ុណ្ណោះ។ សម្តេច ថែមទាំងថ្លែងទៀតថា ពេទ្យបានឲ្យសម្តេចកុំធ្វើការងារធ្ងន់រយៈពេល ៤ថ្ងៃ បន្ទាប់ពីទទួលបានវ៉ាក់សាំងកូវីដ១៩។ បន្ថែមលើនេះ កុំទទួលទានស្រា និងកុំទទួលទានគ្រឿងសមុទ្រ។

សូមបញ្ជាក់ថា នៅថ្ងៃ១០ ខែកុម្ភៈ ឆ្នាំ២០២១នេះ ថ្នាក់ដឹកនាំមួយចំនួនរបស់កម្ពុជា កងទ័ព និងអ្នកសារព័ត៌មាន ដែលមានអាយុចន្លោះពី១៨ ទៅ៥៩ឆ្នាំ បាននិងកំពុងចាប់ផ្តើមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលជាជំនួយរបស់រដ្ឋាភិបាលចិន។

ការទទួលវ៉ាក់សាំងកូវីដ១៩ ឈ្មោះស៉ីណូហ្វាម ធ្វើឡើងតាមគោលការណ៍ស្ម័គ្រចិត្ត នៅទីតាំងចំនួន៤ រួមមាន៖

១៖ មន្ទីរពេទ្យកាល់ម៉ែត សម្រាប់ឥស្សរជនជាទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ ឬមានឋានៈស្មើ
២៖ មន្ទីរពេទ្យព្រះអង្គឌួង សម្រាប់ឥស្សរជន ជាអនុរដ្ឋលេខាធិការ ឬមានឋានៈស្មើ
៣៖ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត សម្រាប់ឥស្សរជនជាអភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត
៤៖ មន្ទីរពេទ្យកុមារជាតិ សម្រាប់អ្នកសារព័ត៌មាន។

វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ របស់ចិន ចំនួន៦០ម៉ឺនដូសនេះ ជាប្រភេទវ៉ាក់សាំងស៉ីណូហ្វាម ដែលផលិតដោយរដ្ឋាភិបាលចិន បានបញ្ជូនមកដល់ប្រទេសកម្ពុជា នារសៀលថ្ងៃទី៧ ខែកុម្ភៈ។ ក្រោយមកដល់ប្រទេសកម្ពុជា វ៉ាក់សាំងស៉ីណូហ្វាមទាំងនេះ បានត្រូវប្រគល់ជូនក្រសួងការពារជាតិចំនួន ៣០ម៉ឺនដូស និងប្រគល់ជូនក្រសួងសុខាភិបាលចាត់ចែងចំនួន ៣០ម៉ឺនដូស៕