(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានថ្លែងកោតសរសើររដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក សាយ សំអាល់ ថា ជារដ្ឋមន្រ្តីដំបូងគេបង្អស់ក្នុងរាជរដ្ឋាភិបាលកម្ពុជាជាង ៣០ឆ្នាំមកនេះ ដែលបានធ្វើសំណើរប្រគល់តួនាទីទៅឲ្យក្រសួងដទៃ មិនស្រវ៉ាឱបការងារដូចរដ្ឋមន្រ្តីមួយចំនួន។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងក្នុងពិធីបើកសន្និបាត និងបើកសម្ពោធដាក់ឲ្យប្រើប្រាស់ «អគារមរតកតេជោ» នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦នេះថា «ជាដំបូងខ្ញុំកោតសរសើរ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ដែលនេះជាលើកទី១ ក្នុងរយៈពេលជាង ៣០ឆ្នាំ នៃការគ្រប់គ្រងរដ្ឋាភិបាល គឺទើបមានរដ្ឋមន្រ្តីម្នាក់គត់ ដែលបានស្នើសុំប្រគល់តួនាទីទៅឲ្យស្ថាប័នផ្សេង។ ខ្ញុំមិនទាន់ជួបប្រទះរដ្ឋមន្រ្តីណាមួយ ដែលមុននេះតែងស្រវ៉ាឱប​ ទាញយកនូវអំណាចមកទុកក្នុងក្រសួងរបស់ខ្លួន តែរដ្ឋមន្រ្តីរូបនេះ បែរជាធ្វើផ្ទុយពីនេះ បានន័យថា ចង់បែងចែកមុខងារឲ្យដាច់ នេះជាកំណែទម្រង់ដែលខ្ញុំចង់បាន ខ្ញុំសូមកោតសរសើរ ហើយសង្ឃឹមថា រដ្ឋមន្រ្តីនានា នឹងមិនឱបការងារនេះទៀតទេ»

បើតាមនាយករដ្ឋមន្រ្តី បានថ្លែងឲ្យដឹងថា ដើម្បីសម្រួលដល់ការគ្រប់គ្រង​ ​និងប្រតិបត្តិការងារនោះ លោក សាយ សំអាល់ រដ្ឋមន្រ្តីវ័យក្មេងជាងគេ នៅក្នុងរាជរដ្ឋាភិបាលអាណត្តិថ្មីនេះ បានស្នើសុំរាជរដ្ឋាភិបាលប្រគល់ និងផ្ទេររាល់គម្រោងអភិវឌ្ឍ សម្បទានដីសេដ្ឋកិច្ច ដំណាំឧស្សាហកម្ម ទៅឲ្យក្រសួងកសិកម្មជាអ្នកគ្រប់គ្រង ហើយក្រសួងបរិស្ថាន សុំយកតំបន់អភិរក្ស តំបន់ការពារ និងតំបន់បម្រុងទុក ពីក្រសួងកសិកម្មមកគ្រប់គ្រងវិញ។

សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំពាវនាវដល់រដ្ឋមន្រ្តីគ្រប់ក្រសួងទាំងអស់ ឲ្យបញ្ឈប់ការឱបយកការងារខុសជំនាញ ហើយដំណើរការផ្ទេរ និងប្រតិភូមិកម្មទៅថ្នាក់ក្រោមជាតិ ក៏មិននៅស្រមេមស្រមាមទៀតផងដែរ៕

លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន