(ភ្នំពេញ)៖ ការប្រកួតបាល់ទះពានរង្វាន់ Leo-Cup 2016 រដូវកាលថ្មីលើកទី៥ បានចាប់ផ្តើមប្រកួតជាផ្លូវការហើយនា រសៀលថ្ងៃទី២៣ ខែកុម្ភះដោយមាន៣ប្រកួតនៅថ្ងៃបើកឆាកដំបូងប្រចាំមណ្ឌលភ្នំពេញ គឹមានក្រុមយុវជនសាមគ្គី ក្រុម យុវជនបុរីកីឡា សុទ្ធតែទទួលបាន៣ពិន្ទុរៀងៗខ្លួនពីក្នុងពូល A ។
នាថ្ងៃនោះដដែល ក្រុមយុវជនសង្កាត់ព្រែកឯង ក៏រកបាន៣ពិន្ទុដែរ ក្រោយយកឈ្នះគូប្រកួតលើកដំបូង នៅក្នុងពូល B ទៅលើក្រុមយុវជនទំពាំងស្នងឬស្សីដោយទ្ធផល ៣-១សិត ជាមួយនឹងលំដាប់ពិន្ទុ ២៥-២០, ២៥-២២, ១៩-២៥ និង ២៥-១៨ អ្វីដែលពិសេស ដើម្បីអបអរការប្រកួតជម្រុះមណ្ឌលភ្នំពេញថ្ងៃដំបូង ក៏មានការប្រកួតមិត្តភាពរវាងក្រុមខេត្ត កំពង់ចាម និងក្រុមវិសាខាផងដែរ ដោយលទ្ធផលក្រុមវិសាខា ដែលជាអតីតក្រុមខេត្ដព្រៃវែង បានយកឈ្នះខេត្ត កំពង់ចាម ដោយលទ្ធផល ៣-១សិត ។

សម្រាប់លទ្ធផលបច្ចេកទេស នៃការប្រកួតសន្សំពិន្ទុ ដើម្បីបន្ដដំណើរទៅកាន់តែវគ្គបន្ដខាងលើនេះ គឺក្រុមយុវជន សាមគ្គី បានប្រកួតឈ្នះក្រុមសមាគមនិស្សិត ដោយលទ្ធផល ៣-០សិត ជាមួយនឹងពិន្ទុ ២៥-១០, ២៧-២៥ និង ២៥-២០ ។ រីឯក្រុមយុវជនបុរីកីឡា បានយកឈ្នះលើក្រុមអង្គការដើម្បីភាពញញឹមនៃកុមារ(PSE) ដោយលទ្ធផល ៣-១សិត ជាមួយនឹងពិន្ទុ  ២០-២៥, ២៥-១១, ២៥-១៥ និង ២៥-១៤ ដែលនេះគឺជាលទ្ធផលមួយប្រកួតក្នុងពូលA ។
ដោយឡែកការប្រកួតដំណាក់ទី២វិញ គឺចែកចេញជា២កម្រិត គឺកម្រិត B និងកម្រិត A ។ សម្រាប់កម្រិត B គឺគណៈកម្មការតម្រូវឲ្យក្រុមជ័យលាភីលេខ១ និងលេខ២ តាមមណ្ឌលនីមួយៗ ពោលគឺស្មើនឹង១០ក្រុម ត្រូវធ្វើការប្រកួតប្រជែងដណ្ដើមពានរង្វាន់ Leo-Cup កម្រិត B ។ បន្ទាប់មកក្រុមដណ្ដើមបានជើងឯក និងជើងឯករង នៃពានរង្វាន់ Leo Cup កម្រិត B ត្រូវបន្ដឡើងទៅប្រកួតរង្វាន់ Leo-Cup កម្រិត A ដោយមានក្រុមជើងខ្លាំង៦ក្រុម ផ្សេងទៀតកំពុងរង់ចាំ ក្នុងនោះមានក្រុមបញ្ជាការដ្ឋានអង្គរក្ស, ក្រសួងមហាផ្ទៃ, ខេត្តកំពង់ចាម, ខេត្តបាត់ដំបង, កងពលធំអត្តរាគមន៍លេខ៣ និងក្រុមវិសាខា ដែលគ្រោងនឹងធ្វើឡើងពីថ្ងៃទី០៦ ដល់ថ្ងៃទី១៩ ខែមិថុនាខាងមុខ ។

លោក បឹង គឹមតោ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជាបានលើកឡើងថា នេះជាលើកទី៥ហើយ ដែលសហព័ន្ធ និងក្រុមហ៊ុនស្រាបៀរលីអូ សហការរៀបចំព្រឹត្តិការណ៍បាល់ទះពានរង្វាន់នេះឡើង ដើម្បីរួមចំណែកលើកស្ទួយវិស័យកីឡានេះឲ្យកាន់តែរីកចម្រើនខ្លាំងបន្ថែមទៀត ។
លោកបន្ថែមថា សម្រាប់ការប្រកួតបើកឆាករដូវកាលថ្មី នៃវគ្គជម្រុះប្រចាំមណ្ឌលរាជធានីភ្នំពេញ ដែលមាន៨ក្រុមចូល រួមប្រកួតខាងលើ គឺបែងចែកជា២ពូល ក្នុងមួយពូលមាន៤ក្រុម ដោយប្រើរូបមន្ដវិលជុំក្នុងពូល បន្ទាប់មកពីក្រុមជាប់ លេខ១ និងលេខ២ ក្នុងពូលត្រូវប្រកួតខ្វែងពូល ដើម្បីកំណត់ក្រុមជើងឯក និងជើងឯករងក្នុងពូល ដែលត្រូវបន្ដទៅ ប្រកួតកម្រិត B តែម្ដង ៕