(ភ្នំពេញ)៖ ក្រសួងសុខាភិបាលរបស់កម្ពុជា នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានប្រកាសពីការសម្រេចអនុញ្ញាតឲ្យប្រើប្រាស់វ៉ាក់សាំងការពារកូវីដ១៩ Sinovac របស់ចិន និង វ៉ាក់សាំង AstraZeneca របស់អង់គ្លេស ក្នុងលក្ខខណ្ឌប្រើប្រាស់បន្ទាន់។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន និងលិខិតអនុញ្ញាត របស់រដ្ឋមន្ត្រី ម៉ម ប៊ុនហេង ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅមុននេះបន្តិច។

សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល បានបញ្ជាក់យ៉ាងដូច្នេះថា «ដោយទទួលការយល់ព្រមដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោនាយករដ្ឋមន្ត្រី ចុះថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១ ក្រសួងសុខាភិបាលកម្ពុជា អនុញ្ញាតឲ្យប្រើប្រាស់ជាផ្លូវការនូវវ៉ាក់សាំង Sinovac's COVID-19 ផលិតដោយសាធារណរដ្ឋប្រជាមានិតចិន និង AstraZeneca's COVID-19 របស់ប្រទេសអង់គ្លេស។ វ៉ាក់សាំងទាំង២នេះ ត្រូវបានប្រើប្រាស់ប្រកបដោយសុវត្ថិភាព នៅក្នុងប្រទេសចិន និងចក្រភពអង់គ្លេស ព្រមទាំងបណ្តាប្រទេសមួយចំនួន ក្នុងលក្ខខណ្ឌនៃការប្រើប្រាស់បន្ទាន់។ វ៉ាក់សាំងទាំង២នេះ ត្រូវបានដាក់ឲ្យអនុវត្តតាមពិធីសារស្តីពីសុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ របស់រាជរដ្ឋាភិបាល ចាប់ពីថ្ងៃចុះហត្ថលេខានេះទៅ»

សូមជម្រាបថា គិតមកដល់ពេលនេះ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសអនុញ្ញាតឲ្យប្រើប្រាស់វ៉ាក់សាំងការពារកូវីដ១៩ចំនួន៣ហើយ គឺ វ៉ាក់សាំង Sinopham, Sinovac របស់ចិន និង AstraZeneca របស់អង់គ្លេស ក្នុងលក្ខខណ្ឌប្រើប្រាស់បន្ទាន់ ខណៈប្រទេសចិនបានផ្តល់វ៉ាក់សាំង Sinopharm ចំនួន ៦០ម៉ឺនដូសជំហានដំបូង នៃ១លានដូសមកដល់កម្ពុជា ហើយយុទ្ធនាការចាក់វ៉ាក់សាំងក៏បានចាប់ផ្តើមចាប់ពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១មក៕