(កំពង់ចាម)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកឡើងថា ប្រសិនបើមន្ត្រីមូលដ្ឋានបំពេញភារកិច្ច និងតួនាទីរបស់ខ្លួនដើម្បីបម្រើសេវាសាធារណជន ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានមិនល្អនោះទេ វានឹងជះឥទ្ធិពលអាក្រក់ដល់រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំផ្សេងៗទៀត។

ការលើកឡើបែបនេះ របស់សម្តេចក្រឡាហោម ស ខេង បានធ្វើឡើងនៅក្នុងឱកាសដែលសម្តេចបានអញ្ជើញចុះត្រួតពិនិត្យទីតាំងនាវចម្បាំងលិច ក្នុងកំលុងសម័យសង្គ្រាមស៊ីវិលនៅកម្ពុជា ជាង៤០ឆ្នាំមុន ស្ថិតនៅភូមិវាល ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។

សម្តេចក្រឡាហោម ស ខេង បានលើកឡើងយ៉ាងដូច្នេះថា៖ «សូមអំពាវនាវដល់មន្ត្រីរបស់យើងនៅមូលដ្ឋាន ជាពិសេសលោកមេភូមិ លោកមេឃុំ ស្មៀន ប៉ុស្តិ៍ប៉ូលីស ប៉ុន្មានតួអង្គនេះ គឺសំខាន់ណាស់ បើតួអង្គទាំងប៉ុន្មាននេះមិនព្រមធ្វើល្អទេ វាជះឥទ្ធិដល់រាជរដ្ឋាភិបាលមិន គ្រាន់តែធ្វើអត្តសញ្ញាណប័ណ្ណមិនបានផង ទៅជេរដល់សម្តេចនាយក ទៅជេរដល់អ្នកដឹកនាំផ្សេងទៀត ប៉ុន្តែធាតុពិតស្មៀនឃុំសោះដែលធ្វើមិនល្អ មេឃុំមួយសោះដែលធ្វើមិនល្អ ឬក៏ប៉ុស្តិ៍ប៉ូលីសមួយសោះដែលធ្វើមិនល្អ»

ទន្ទឹមនឹងនេះសម្តេចក្រឡាហោម ស ខេង ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់គាំទ្រសកម្មភាពទាំងឡាយដែលត្រឹមត្រូវរបស់មន្ត្រីមូលដ្ឋានដែលផ្តល់សេវាផ្ទាល់នៅមូលដ្ឋាន។

សម្តេចក្រហោម ស ខេង បានបញ្ជាក់បន្ថែមទៀតថា «ស្មៀនឃុំ គឺសំខាន់ ស្មុៀនគឺជាមន្ត្រីរដ្ឋបាលមុខងារសាធារណៈ មិនមែនជាមន្ត្រីបោះឆ្នោតទេ ប្រៀបដូចតំណាងឱ្យរដ្ឋាភិបាល មកធ្វើការនៅឃុំអញ្ចឹង ប៉ុន្តែ យើងបានប្រគល់សិទ្ធិមកឱ្យខេត្ត ស្រុក ដើម្បីពិនិត្យ វាយតម្លៃ ស្នើឡើងតែងតាំង និងដោះដូរ ស្មៀនឃុំនេះ»

បន្ថែមពីនេះ សម្តេចក្រឡាហោម ស ខេង ក៏បានអំពាវនាវដល់តួមេភូមិ មេឃុំ ស្មៀន និងមន្ត្រីមូលដ្ឋានទាំងអស់សូមធ្វើកិច្ចការងារទាំងឡាយ ដើម្បីបម្រើដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួនឱ្យអស់ពីសមត្ថភាព និងត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះការស្នើសុំ និងទុក្ខកង្វល់នានារបស់ប្រជាពលរដ្ឋជាដើម។

សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ថា សម្រាប់អាជ្ញាធរមូលដ្ឋានទាំងឡាយណាដែលធ្វើកិច្ចការងារ ដើម្បីប ម្រើប្រជាពលរដ្ឋបានល្អនោះរដ្ឋាភិបាលនឹងយកចិត្តទុកដាក់ ក្នុងការលើកទឹកចិត្តតាមលទ្ធភាព និងមធ្យោបាយគ្រប់បែបយ៉ាង ដល់មេភូមិ មេឃុំ ក្រុមប្រឹក្សា ស្មៀន និងមន្ត្រីនគរបាលមូលដ្ឋានជាដើម៕