(ពោធិ៍សាត់)៖​ រថយន្ដដឹកហ្គាស បើកគេចរថយន្ដកាម៉ារី​ រ៉េចង្កូចធ្លាក់ផ្លូវទៅបុកបង្គោលភ្លើង​ ក្រឡាប់ធ្លាយហ្គាសផ្អើលដល់អ្នកស្រុក​ និងអង្គភាពពន្លត់អគ្គីភ័យ​ ចេញអន្តរាគមន៍។ ហេតុការណ៍នេះ បានកើតឡើងនៅម៉ោង៦៖៣០នាទីព្រឹក​ ថ្ងៃទី២៥ ខែកុម្ភៈ​ ឆ្នាំ២០១៦​នេះ​ លើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រ២០០-២០១ ស្ថិតក្នុងភូមិក្ដីស្នួល ឃុំត្រពាំងជង ស្រុកបាកាន ខេត្ត​ពោធិ៍សាត់​។

លោកឧត្តមសេនីយ៍ទោ​ សារុន​ ចាន់ធី ស្នងការខេត្ត​​បានប្រាប់​ភ្នាក់​ Fresh News ឲ្យដឹងថា​ រថយន្ដដឹកហ្គាសរបស់ក្រុមហ៊ុន ចាន់ណាផល្លាគ្រុប​ បើកបរក្នុងទិសដៅពីកើតទៅលិច មកដល់ចំណុច​កើតហេតុ បានគេចរថយន្ដកាម៉ារី​ វេរចង្កូចធ្លាក់ផ្លូវទៅបុកបង្គោលភ្លើង ក្រឡាប់ធ្លាយហ្គាស់ ផ្អើលដល់អ្នកស្រុក​ និង​ អង្គភាពពន្លត់អគ្គីភ័យ​ របស់ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់​ បានយករថយន្ដ​ត្រៀមអន្តរាគមន៍ នៅកន្លែងកើតហេតុ។​

លោកបានឲ្យដឹងទៀតថា​ នៅក្នុងករណីនេះ​ ពុំមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្ស​ ឬបង្កអគ្គីភ័យនោះទេ​ គឺធ្លោយហ្គាសបន្តិចបន្តួចប៉ុណ្ណោះ​។ ហេតុការណ៍នេះ​ បណ្ដាលមកពីអ្នកបើកបរ រថយន្ដដឹក​ហ្គាស​ ខ្វះការប្រុងប្រយ័ត្ន។ រីឯហ្គាស់ត្រូវបានក្រុមហ៊ុន យករថយន្តផ្ទេររួចរាល់ហើយ​។

ដោយឡែកក្រោយបុកបាក់បង្គោលភ្លើងនេះ អគ្គិសនីបាត់ដំបង បានចេញសេចក្តីជូនដំណឹង ដល់ប្រជាពលរដ្ឋ ដែលប្រើប្រាស់ចរន្តអគ្គិសនី តាមបណ្តោយផ្លូវជាតិលេខប្រាំ ចាប់ពីភូមិ ក្តីឈ្នួល ឃុំត្រពាំង​ជង ស្រុកបាកាន ខេត្តពោធិ៍សាត់ រហូតដល់ ឃុំព្រៃស្វាយ ស្រុកមោង ខេត្តបាត់ដំបង មានការដាច់ចរន្តអគ្គិសនី។ ចំពោះមុខកិច្ចការបន្ទាន់នេះ ក្រុមប្រចាំការជួសជុលរបស់អង្គភាពអគ្គិសនីបាត់ដំបង ដែលប្រចាំការនៅខេត្តពោធិ៍សាត់ បានធ្វើការផ្អាកការផ្គត់ផ្គង់ចរន្ត ជាលក្ខណៈបណ្តោះអាសន្នរួចរាល់ ហើយបាននិងកំពុងសហការជាមួយ សេវាករនៅទីតាំងនោះ ដើម្បីធ្វើការជួសជុល ដើម្បីឲ្យបងប្អូន​ប្រជាពលរដ្ឋ មានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ។ សូមបងប្អូនប្រជាពលរដ្ឋ មេត្តាយោគយល់ភាពរអាក់រអួលនៃការដាច់ចរន្តនេះ៕