(បន្ទាយមានជ័យ)៖ បុរសជនជាតិថៃចំនួន៧នាក់ បានធ្វើដំណើរឆ្លងដែនចូលទឹកដី ខេត្តបន្ទាយមានជ័យ ដោយខុសច្បាប់ ដើម្បីដើរបាញ់សត្វកណ្តុរតាមព្រំដែន ត្រូវបានកម្លាំងនគរបាល ចុះទៅសួរនាំ និងឃាត់ខ្លួនជាបណ្តោះអាសន្ន នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦នេះ។

ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ អាត់ ខែម បានថ្លែងថា «នៅព្រឹកនេះ មានប្រជាពលរដ្ឋថៃចំនួន៧ បានចូលរបៀងគោគធ្យូង ក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ មកដើរចាញ់សត្វកណ្តុរ តាមព្រំដែនក្នុងទឹកដីយើង រហូតដល់ឃុំតាគង់ ក្នុងស្រុកម៉ាឡៃ ដោយគ្មានលិខិតស្នាមទេ ហើយមានសម្ភារ ប្រមាញ់គ្រប់ៗគ្នា»។

បើតាមលោកឧត្តមសេនីយ៍ស្នងការ ក្រោយការឃាត់ខ្លួនជនជាតិថៃទាំង៧នាក់ ខាងមន្រ្តីនគរបាលជំនាញ របស់លោកបានរាយការណ៍ ជូនអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីចាត់ការតាមនីតិវិធីរួចហើយ៕