(ភ្នំពេញ)៖ ក្រសួងសុខាភិបាលកម្ពុជា នៅរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានប្រកាសបន្ទាន់មួយអំពីការរកឃើញមេរោគកូវីដ១៩ បម្លែងខ្លួនថ្មីចំនួន៣ករណី នៅលើខ្លួនជនបរទេស៣នាក់ ដែលបានមកដល់ប្រទេសកម្ពុជា។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

មេរោគកូវីដ១៩ បម្លែងខ្លួនថ្មីនេះ ត្រូវបានរកឃើញនៅលើខ្លួនជនជាតិឥណ្ឌា២នាក់ និងជនជាតិចិន១នាក់។

សេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានឱ្យដឹងថា ជនបរទេស៣នាក់ ដែលត្រូវបានរកឃើញមានផ្ទុកមេរោគកូវីដ១៩ បំលែងថ្មីនេះ រួមមាន៖

១៖ បុរសជនជាតិឥណ្ឌា អាយុ ២៨ឆ្នាំ មានអាសយដ្ឋានស្នាក់នៅរាជធានីភ្នំពេញ ជាអ្នកធ្វើដំណើរមកពីប្រទេស ឥណ្ឌា បន្តជើងហោះហើរនៅប្រទេសសិង្ហបុរី មកដល់កម្ពុជា នៅថ្ងៃទី ០៣ ខែ កុម្ភៈ ឆ្នាំ២០២១។

២៖ ស្ត្រីជនជាតិឥណ្ឌា អាយុ ២៣ឆ្នាំ មា អាសយដ្ឋានស្នាក់នៅរាជធាឌីភ្នំពេញ ជាអ្នកធ្វើដំណើរមកពីប្រទេសឥណ្ឌា បន្តជើងហោះហើរនៅប្រទេសសិង្ហបុរី មកដល់កម្ពុជានៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២១។

៣៖ ស្ត្រីជនជាតិចិន អាយុ ២៦ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសណ្ឋាគារសុខា ជាអ្នកធ្វើដំណើរមកពីប្រទេសចិន បន្ត ជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជានៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១។

បច្ចុប្បន្ន អ្នកជំងឺទាំងបីនាក់ខាងលើនេះ ត្រូវបានដាក់ឱ្យព្យាបាលនៅមជ្ឈមណ្ឌលជាតិកម្ចាត់ រោគរបេង និង ហង់សិន រាជធានីភ្នំពេញ រួចហើយ។

ក្រសួងសុខាភិបាល បានសង្កេតឃើញថា ប្រជាពលរដ្ឋខ្មែរហាក់ភ្លេចខ្លួនអំពីហានិភ័យដ៏ធំធេងនៃការចម្លងវីរុសកូវីដ-១៩ ជាពិសេសនៅក្នុងបរិបទនៃការបំប្លែងខ្លួនជាបន្តបន្ទាប់របស់វីរុសដ៏កាចសាហាវនេះ ដោយមានការជួបជុំគ្នាច្រើន កុះករនៅក្នុងពិធីជប់លៀង ពិធីអាពាហ៍ពិពាហ៍ ពិធីបុណ្យទានផ្សេងៗ និងការធ្វើដំណើរកម្សាន្តទៅកាន់ស្រុកកំណើត ឬទីរមណីយដ្ឋាននានា ដោយមិនបានអនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល។

ក្រសួងសុខាភិបាល ក៏បានក្រើនរំលឹកសាជាថ្មីម្ដងទៀតថា វីរុសកូវីដ-១៩ ជាពិសេសវីរុសបាន និងកំពុងតែបំប្លែងខ្លួនថ្មីជាច្រើន ប្រភេទ ពេលនេះកំពុងតែចរាចរបន្តរាតត្បាតនៅលើសកលលោកយ៉ាងខ្លាំងក្លា។ ដូច្នេះ ពលរដ្ឋកម្ពុជា មិនត្រូវមើលស្រាលលើលទ្ធភាពចម្លងរហ័ស និងភាពសាហាវធ្ងន់ធ្ងរបណ្ដាលមកពីការវាយលុកនៃជំងឺកូវីដ-១៩ លើសរីរាង្គមនុស្សនោះឡើយ ហើយសភាពចម្លងខ្លាំងក្លា និងភាពធ្ងន់ធ្ងរនៃជំងឺនេះ អាចកើតមានឡើងនៅក្នុងប្រទេសយើង គ្រប់ពេលវេលា គ្រប់កាលៈទេសៈ និងគ្រប់ទីកន្លែង ប្រសិនបើបុគ្គលមិនបានការពារខ្លួនត្រឹមត្រូវនោះទេ។

បើតាមក្រសួងសុខាភិបាល, នាថ្ងៃទី១៥ កុម្ភៈ ឆ្នាំ២០២១ នៅលើពិភពលោក មានករណីឆ្លងវីរុសកូវីដ១៩ ដែលបានបំប្លែងខ្លួនថ្មី (ប្រភេទ B.1.1.7) ប្រមាណជា ៨០ប្រទេសហើយ ហើយមានប្រមាណជា ៣០០ករណី រកឃើញនៅក្នុងបណ្ដាប្រទេសជាង ១០ប្រទេសនៅក្នុងតំបន់ប៉ាស៊ីប៉ាស៊ីហ្វិកខាងលិច និងចំនួន៨ប្រទេស/កន្លែង ដែលបានរាយការណ៍ពីករណីឆ្លងវីរុសកូវីដ១៩ ដែលបានបំប្លែងខ្លួនថ្មី (ប្រភេទ 501.V2) ដែល ក្នុងចំណោមបណ្ដាប្រទេសទាំងនេះ ក៏មានប្រទេសនៅក្នុងតំបន់អាស៊ាន និងនៅជិតខាងកម្ពុជាដែរ។

ក្រសួងបញ្ជាក់បន្ថែមទៀតថា ប្រមាណជាលើសពី ៤០ប្រទេស និងទីតាំង នៅលើពិភពលោក បានរាយការណ៍ពីការរកឃើញករណីឆ្លងប្រភេទ 501.V2 Variant ដែលក្នុងនោះមានចំនួនប្រមាណ៨ប្រទេស នៅតំបន់ប៉ាស៊ីហ្វិកខាងលិច បានរកឃើញលើសពី ៧០ករណីហើយ។

ដោយឡែក នៅលើសកលលោក ប្រមាណជាលើលពី ១០ប្រទេសនិងទីតាំងហើយដែរ ដែលបានរកឃើញករណីឆ្លងប្រភេទ P.1 Variant ដែលក្នុងចំណោមនេះ នៅតំបន់ប៉ាស៊ីហ្វិកខាងលើលិចមានការរាយការណ៍លើសពី ០២ករណី ឆ្លងវីរុសប្រភេទថ្មីនេះ ពីប្រទេសចំនួន ០២ ផងដែរ (ដែលគេមិនបានបញ្ចេញឈ្មោះ ប្រទេសទាំងនេះឡើយ ដោយហេតុផល កំពុងស្រាវជ្រាវបង្កទៀត)។

ក្រសួងសុខាភិបាល ក៏បានស្នើដោយទទូចឱ្យប្រជាពលរដ្ឋកម្ពុជា មានការប្រុងប្រយ័ត្ន ឬ ការពារខ្លួន កុំធ្វេសប្រហែសឱ្យសោះ និងមិនត្រូវមើលរំលង ពីលទ្ធភាពនៃការចម្លង វីរុសកូវីដ១៩ ប្រភេទបំប្លែងថ្មីទាំងនេះ មកក្នុងសហគមន៍កម្ពុជានោះឡើយ៕

ខាងក្រោមនេះជាសេចក្តីប្រកាសបន្ទាន់របស់ក្រសួងសុខាភិបាល៖