(បន្ទាយមានជ័យ)៖ នគរបាលក្រុងប៉ោយប៉ែត បានចាប់ខ្លួនជនសង្ស័យ៣នាក់ ពាក់ព័ន្ធមុខសញ្ញាចែកចាយគ្រឿងញៀនយ៉ាងសកម្ម នៅជាយដែន កម្ពុជា-ថៃ ធ្វើការដកហូតបានគ្រឿងញៀន ប្រភេទម៉ាទឹកកកចំនួន៨កញ្ចប់។ ប្រតិបត្តិការនេះនៅយប់ថ្ងៃទី២៤ ខែកុម្ភ: ឆ្នាំ២០១៦ នៅភូមិបាលិលេយ្យ២ សង្កាត់-ក្រុងប៉ោយប៉ែត។

លោក អ៊ុ សុផល អធិការនគរបាលក្រុងប៉ោយបែត បានឲ្យដឹងថា ជនសង្ស័យ៣នាក់ ទី១ ឈ្មោះហ៊ុល ឡុង អាយុ៣៤ឆ្នាំ ស្រុកកំណើតភូមិគោ ឃុំព្រៃកប្បាស ស្រុកព្រៃកប្បាស ខេត្តតាកែវ មុខរបរលក់ថ្នាំញៀន ទី២ ឈ្មោះ ឡេត ម៉ាត់ អាយុ១៨ឆ្នាំ ស្រុកកំណើតនៅភូមិខ្ពម ឃុំព្រៃកប្បាស ស្រុកព្រៃកប្បាស ខេត្តតាកែវ មុខរបរគ្មាន និងទី៣ ឈ្មោះបឿន មនោ អាយុ២២ឆ្នាំ ស្រុកកំណើតភូមិព្រៃស្លែង ឃុំលន់ ស្រុកស្អាង ខេត្តកណ្តាល មុខរបរលក់ថ្នាំញៀន។

ជនសង្ស័យខាងលើនេះស្នាក់នៅ ភូមិសង្កាត់ខាងលើនេះបណ្តោះអាសន្ន។ សមត្ថកិច្ចដកហូតបានវត្ថុតាងដកហូតបាន សារធាតុញៀន ប្រភេទម៉ាទឹកកកចំនួន៨កញ្ចប់ ដបកែច្នៃជក់២ដប ដាវសាំម៉ូរ៉ៃ១ដើម ជញ្ជីងថ្លឹង១ពណ៌ខ្មៅ ថង់ប្លាស្ទិចសំរាប់វេចខ្ចប់ មួយចំនួនស្កុតសំរាប់បិទ២ដុំ ទូរស័ព្ទចាស់ខូច៣គ្រឿង ទូរស័ព្ទ១គ្រឿង ទូរស័ព្ទ១គ្រឿង គ្មានស៊ីម និងម៉ូតូហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅពាក់ស្លាកលេខបាត់ដំបង 9742។ បច្ចុប្បន្ននេះសមត្ថកិច្ចកំពុងសាងសំណុំរឿង ជនសង្ស័យនិងវត្ថុតាងបញ្ជូនទៅកាន់ សាលាដំបូងចាត់ការច្បាប់៕