(តាកែវ)៖ បុរស៧នាក់ដែលស្លៀកសំលៀកបំពាក់ ជាកងទ័ព ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ បាននាំគ្នាដើរសំឡុត​ទារលុយ​ពីប្រជាកសិករ ធ្វើស្រូវប្រាំង​នៅក្នុងស្រុកបូរី​ជលសារ ដោយពួកគេ​បានគំរាមទារ​ប្រាក់ក្នុង១ហិកតា ចំនួន៩០ម៉ឺនដុង។ 

លោក លឹម លន់ ប្រជាកសិករដែលមានស្រែប្រាំង​ធ្វើជាង១០ហិកតា ស្ថិតនៅខាងក្រោយសាលា​ស្រុកបូរីជលសា បានថ្លែងឲ្យដឹងថា ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ មានយោធាមួយក្រុម​បានមកសំឡុត​ទារលុយពីលោក ក្នុងមួយហិកតា៩០ម៉ឺនដុង។ ទាហានទាំងនោះដែលមានម្នាក់ឈ្មោះ ធូ ដយ បានអះអាងថា ពួកគេបានទទួលបញ្ជាពីមេរបស់ខ្លួនឈ្មោះ ឡេះ សូនី ជាទាហាន នៅវរៈការពារព្រំដែន៣០១។ បន្ទាប់ពីរូបគាត់មិនព្រមឲ្យលុយ ក្រុមទាហានទាំងអស់នោះ បាននាំគ្នាវាយកម្ទេចរោងចាំស្រូវ និងបានវាយកម្ទេចសម្ភារមួយចំនួន ហើយថែមទាំងយក​ធុងបាញ់ថ្នាំស្រូវ​មួយចំនួន របស់គាត់ថែមទៀតផង។ ប្រជាពលរដ្ឋខាងលើ បានបន្តថា ពាក់ព័ន្ធទៅនិងការបំផ្លិចបំផ្លាញរោងចាំស្រូវ និងបំផ្លាញសម្ភារ និងរឹបអូសយករបស់របរមួយចំនួនរបស់គាត់។

ក្រោយមានហេតុការណ៍នេះកើតឡើង គាត់ក៏បានប្ដឹងទៅលោក អេង ឃាង មេវរៈព្រំដែន៣​០១ ឲ្យជួយដោះស្រាយផងដែរ ក៏ប៉ុន្តែមិនមានដំណោះស្រាយចំពោះគាត់នោះទេ។ បន្ទាប់ពីគ្មានដំណោះ​ស្រាយ​គាត់ក៏បានដាក់ពាក្យបណ្ដឹង​ទៅតុលាការខេត្តតាកែវ ដោយប្ដឹងទាហានម្នាក់ឈ្មោះ ឡេះ សូនី ពីបទបំផ្លាញទ្រព្យសម្បត្តិរបស់គាត់។ ដោយឡែក ក្រុមទាហានទាំងអស់នោះនៅ​តែមកសំឡុតគំរាម​កំហែង​គាត់រាល់ថ្ងៃ មិនឲ្យគាត់ច្រូតស្រូវប្រាំងនោះទេ។ លោក ស៊ុត ខុន អភិបាលស្រុកបូរីជលសា បានថ្លែងឲ្យដឹងថា លោកក៏បានទទួលព័ត៌រមាននេះដែរ ហើយឥឡូវលោកកំពុងតែចុះពិនិត្យ ប្រសិនបើ​មានករណីនេះ កើតឡើងមែនយើង នឹងមានវិធានការ និងរាយការណ៍ទៅអង្គភាពគាត់ ធ្វើការអប់រំទាហានទាំងអស់នោះឲ្យបញ្ឈប់សកម្មភាពខុសច្បាប់នេះ។ លោកឧត្តមសេនីយ៍ត្រី សេក រស់ មេបញ្ជាការតំបន់ប្រតិបត្តិការ​សឹករងខេត្តតាកែវ បានបញ្ជាក់យ៉ាងខ្លីថា លោកនឹងសាកសួរព័ត៌មាននេះទៅខាងស្រុកសិន ថាតើពិតជាមានទាហានដើរទារលុយពីប្រជាកសិករ ពិតមែនឬយ៉ាងណា។ លោក ឈុំ សុជាតិ  អ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែងឲ្យដឹងថា លោកមិនទាន់បានទទួល​ព័ត៌មាននេះនៅឡើយទេ ហើយលោកនឹង​សាកសួរពីបញ្ហានេះ។     

លោកសង្កត់ធ្ងន់ថា «សកម្មភាពនេះជាសកម្មភាពខុសច្បាប់។ ក្រសួងការពារជាតិមិន​មានច្បាប់ណា​ឲ្យទាហានដើរ​យកលុយពីប្រជាកសិករនោះទេ។ ដូច្នោះប្រសិនបើពិត​ជាមានករណីនេះ កើតឡើងមែនយើង នឹងដាក់វិន័យពួកគេ​ទៅតាមច្បាប់កងទ័ព»